
បេរូត៖ ក្រុមហេសបូឡាហ៍នៅលីបង់ បានថ្លែងថា កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល ដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិក គឺជាកិច្ចខិតខំប្រឹងប្រែងដែលគ្មានន័យ បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានពន្យារពេល៣សប្តាហ៍ទៀត។ ការថ្លែងបែបនេះ ធ្វើឡើងស្របពេលមានសេចក្ដីរាយការណ៍ថា មនុស្ស២នាក់បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ខណៈក្រុមហេសបូឡាហ៍ ក៏បានបាញ់ទម្លាក់ដូ្រនរបស់អ៊ីស្រាអែល១គ្រឿងផងដែរ។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៣សប្តាហ៍បន្ថែមទៀត បន្ទាប់ពីបានទទួលជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់នៅសេតវិមាន។ កិច្ចព្រមព្រៀងដំបូងដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែមេសា គ្រោងនឹងផុតកំណត់នៅថ្ងៃអាទិត្យ ទី២៦មេសានេះហើយ។ ជាមួយគ្នា លោក ត្រាំ ក៏បានបង្ហាញក្ដីសង្ឃឹមថា ប្រទេសទាំង២ អាចនឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពពេញលេញនៅក្នុងឆ្នាំនេះ។

យ៉ាងណា ក្រុមហេសបូឡាហ៍បានបញ្ជាក់ទាំងកំហឹងថា៖«បទឈប់បាញ់ គឺគ្មានន័យទាល់តែសោះ ព្រោះអ៊ីស្រាអែលនៅតែបន្តអរិភាព រួមមានការវាយប្រហារតាមដែនអាកាស ការបាញ់ផ្លោង និងការបាញ់កម្ទេចភូមិឋាន[ប្រជាជន]នៅភាគខាងត្បូង»។ ប្រជាជនលីបង់ បានសម្ដែងការមិនពេញចិត្តជាខ្លាំងចំពោះបទឈប់បាញ់ ដែលគ្មានប្រសិទ្ធភាពនេះ ទន្ទឹមនឹងអ្នកស្រុកនៅភាគខាងជើងអ៊ីស្រាអែល ក៏មានភាពស្រពេចស្រពិលចំពោះអាយុកាលនៃកិច្ចព្រមព្រៀងនេះដែរ ដោយយល់ថា វាមានភាពផុយស្រួយបំផុត៕



