លីបង់ និងអ៊ីស្រាអែល ព្រមព្រៀងពន្យារពេលបទឈប់បាញ់៣សប្តាហ៍បន្ថែម ក្រោមការសម្របសម្រួលពីលោក ដូណាល់ ត្រាំ
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសលីបង់ និងអ៊ីស្រាអែល បានសម្រេចព្រមព្រៀងគ្នាពន្យារពេលបទឈប់បាញ់រយៈពេល៣សប្តាហ៍បន្ថែមទៀត បន្ទាប់ពីមានជំនួបកម្រិតខ្ពស់មួយនៅសេតវិមាន...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ជំនួបនេះ ត្រូវបានធ្វើឡើងនៅការិយាល័យពងក្រពើ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក យេឈីល ឡៃទ័រ (Yechiel Leiter) និងឯកអគ្គរដ្ឋទូតលីបង់ លោកស្រី ណាដា ម៉ូវ៉ាដ (Nada Moawad) ចំពេលភាពតានតឹងបានផ្ទុះឡើង ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស៥នាក់ រួមទាំងអ្នកសារព័ត៌មានម្នាក់ផងដែរ។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា៖«ជំនួបនេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ! សហរដ្ឋអាម៉េរិក នឹងធ្វើការជាមួយលីបង់ ដើម្បីជួយប្រទេសនេះការពារខ្លួនពីក្រុមហេសបូឡា»។ ទោះជាយ៉ាងណា ក្រុមហេសបូឡា ដែលជាកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ មិនមានវត្តមាននៅក្នុងកិច្ចចរចានេះទេ ហើយបានប្រកាសរក្សាសិទ្ធិក្នុងការតស៊ូប្រឆាំងនឹងកងកម្លាំងឈ្លានពាន។

លោក ត្រាំ ក៏បានបង្ហើបពីបំណងចង់ធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងប្រធានាធិបតីលីបង់ លោក ចូសេព អាអ៊ុន (Joseph Aoun) នាពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពពេញលេញ។ បទឈប់បាញ់ដែលនឹងត្រូវផុតកំណត់នៅចុងសប្តាហ៍ខាងមុខ ត្រូវបានពន្យារពេលដើម្បីផ្ដល់ឱកាសឱ្យមេដឹកនាំនៃប្រទេសទាំងពីរ មានពេលវេលាចរចាបន្ថែម។ ទោះបីជាបទឈប់បាញ់បានជួយកាត់បន្ថយអំពើហិង្សាទ្រង់ទ្រាយធំបានច្រើនក៏ដោយ ប៉ុន្តែការវាយប្រហារតិចតួច នៅតែបន្តកើតមាននាភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល បានគ្រប់គ្រងតំបន់ទ្រនាប់ការពារខ្លួន។

ពិភពលោក កំពុងសម្លឹងមើលដោយក្ដីសង្ឃឹមថា រយៈពេល៣សប្តាហ៍នៃភាពស្ងប់ស្ងាត់ អាចនឹងក្លាយជាស្ពានចម្លងទៅរកសន្តិភាពយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកំពុងឆាបឆេះដោយភ្លើងសង្រ្គាម ដែលសហរដ្ឋអាម៉េរិក-អ៊ីស្រាអែលអុចបញ្ឆេះឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត