
ក្រុងសែនមនោរម្យ៖ បន្ទាប់ពីអនុវត្តវិធានការក្ដៅរបស់ប្រមុខរាជរដ្ឋាភិបាល ពេលនេះអាជ្ញាធរសមត្ថកិច្ចខេត្តមណ្ឌលគិរី បាននិងកំពុងរៀបចំបញ្ជូនជនជាតិចិន និងភូមា ឬមីយ៉ាន់ម៉ាចំនួន៨០នាក់ ពីការបង្ក្រាបរបស់អាជ្ញាធរទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់...។

យោងតាមមន្ត្រីនគរបាលជំនាញ ដែលបានចុះប្រតិបត្តិការបង្ក្រាបនៅតាមគោលដៅមានជនបរទេសរស់នៅ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ជនបរទេសទាំង៨០នាក់នោះ ត្រូវបានសមត្ថកិច្ចនាំយកពីកន្លែងចុះត្រួតពិនិត្យតាមទីតាំងស្នាក់នៅ និងតាមទីតាំងអាជីវកម្មមួយចំនួន ដែលមានការសង្ស័យនៅទូទាំងខេត្តមណ្ឌលគិរី ដើម្បីបញ្ជូនទៅកាន់អង្គភាពជំនាញអន្តោប្រវេសន៍ រៀបចំសំណុំរឿង ពិនិត្យឯកសារពាក់ព័ន្ធ និងអនុវត្តនីតិវិធីបន្តស្របតាមច្បាប់ជាធរមាន។

អាជ្ញាធរបញ្ជាក់បន្ថែមថា ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រ ក្នុងការបង្កើនប្រសិទ្ធភាពគ្រប់គ្រងជនបរទេស និងការបើកយុទ្ធនាការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ការលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញស្កេម (Online Scam) ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាបោសសម្អាតអំពើឧក្រិដ្ឋកម្មអនឡាញស្កេម ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីឱ្យមូលដ្ឋានមានសណ្ដាប់ធ្នាប់សង្គមល្អ ការពារបាននូវសុខសន្តិភាព សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខេត្តមណ្ឌលគិរី ដើម្បីឱ្យបងប្អូនកាន់តែមានទំនុកចិត្តលើមន្ត្រីមូលដ្ឋាន និងរាជរដ្ឋាភិបាលកម្ពុជា៕





