សម្តេចនាយករដ្ឋមន្ត្រី និងស្ត្រីទី១នៃកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមរយៈពេល៣ថ្ងៃ
S
Soriya Sou
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦…។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី៧ មិថុនា នេះថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុ ម៉ាណែត ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់លោក ឡេ មិញហ្នឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាលសំខាន់ៗ និងតំណាងធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា នឹងអញ្ជើញអមដំណើរសម្ដេចនាយករដ្ឋមន្រ្តី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនោះដែរ។ 

ថ្នាក់ដឹកនាំកម្ពុជា នឹងមានជំនួបទ្វេភាគីជាមួយលោក ឡេ មិញហ្នឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្ដូរទស្សនៈអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ដោយប្រទេសទាំងពីរ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ ជាងនេះទៅទៀត នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ កម្ពុជា-វៀតណាម គ្រោងនឹងលើកយកមកពិភាក្សាផងដែរ នូវបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្ដីបារម្ភរួម។

សម្តេចធិបតី ក៏នឹងមានជំនួបសម្ដែងការគួរសមដាច់ដោយឡែក ជាមួយលោក តូ ឡឺម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ និងជាប្រធានរដ្ឋវៀតណាម, លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម និងជួបពិភាក្សាជាមួយ លោក ជិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ «រួមគ្នា ស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល» ដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្ម ការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត