តស់..! មកស្គាល់ប្រវត្តិកីឡាករកូនកាត់៣សាសន៍កម្ពុជា-អាម៉េរិក-បែលហ្ស៊ិក ស៊ីថា ម៉េងជូ (Mathew Sitha)

រាជធានីភ្នំពេញ៖ ក្នុងចំណោមគ្រាប់បាល់៣គ្រាប់របស់ក្រុមជម្រើសជាតិគោព្រៃកម្ពុជា អាយុក្រោម១៩ឆ្នាំ(U19) មានមួយគ្រាប់រកបានដោយកីឡាករយុវជនរបស់ក្លិបវិសាខា នោះគឺកីឡាករស៊ីថា ម៉េងជូ (ឬ Mathew Sitha) នៅនាទី៣៩' ដែលបានរួមចំណែកឱ្យក្រុមគោព្រៃវ័យជំទង់កម្ពុជា ឈ្នះក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន អាយុក្រោម១៩ឆ្នាំ(U19) ៣-០។ តើលោកអ្នកដឹងទេ កីឡាករ ស៊ីថា ម៉េងជូ (ឬ Mathew Sitha) មានប្រវត្តិយ៉ាងណាខ្លះដែរ? ថ្ងៃនេះ SBM News សូមលើកប្រវត្តិត្រួសៗរបស់កីឡាកររូបនេះ ជម្រាបជូនលោកអ្នកនាង...។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានឆ្នាំ២០២៦ (ASEAN U19 BOY'S CHAMPIONSHIP 2026) ប្រព្រឹត្តទៅនៅកីឡដ្ឋាន Madya 1 Stadium ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ កម្ពុជាឈរនៅលេខរៀងទី២ មាន៣ពិន្ទុស្មើជាមួយក្រុមបាល់ទាត់អូស្ត្រាលីឈរនៅលេខមួយក្នុងពូល C បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន អាយុក្រោម១៩ឆ្នាំ(U19) ដូចគ្នា។ កីឡាករកម្ពុជា២រូប លេចធ្លោខ្លាំងកាលពីយប់ម្សិលមិញនោះគឺកីឡាករ សិត មហាមេធ សូឡេស រកបាន២គ្រាប់ម្នាក់ឯង និង១គ្រាប់ទៀតរកបានដោយកីឡាករ ស៊ីថា​ ម៉េងជូ ធ្វើឱ្យក្រុមគោព្រៃកម្ពុជាមានឱកាសអ៊ុតនៅប្រកួតបន្ទាប់មួយទៀត។

ដោយឡែក បើយើងក្រឡេកមកមើលគុណភាពប្រកួតរបស់កីឡាករ ស៊ីថា​ ម៉េងជូ ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន។ រូបគេ ជាកីឡាករ​កូនកាត់​បី​សាសន៍​ កម្ពុជា-អាម៉េរិក-បែលហ្ស៊ិក និងបានមករួមរស់ជាមួយក្លិបបាត់ទាត់វិសាខាក្នុងតំណែងជាខ្សែប្រយុទ្ធ ប៉ុន្តែបានប្តូរមកលេងជាខ្សែបម្រើ(Midfielder)វិញ ក្រោយជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា។ រូបគេ មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ​ និងឪពុក​ជា​កូនកាត់​បែលហ្ស៊ិក-អាម៉េរិក។ បើតាមប្រភពក្រៅផ្លូវការបង្ហើបឱ្យដឹងថា តម្លៃខ្លួន កីឡាករ ស៊ីថា​ ម៉េងជូ ក្នុងក្លិបបាល់ទាត់វិសាខាខ្ទង់ប្រហែល១ម៉ឺនដុល្លារក្នុងមួយខែ ប៉ុន្តែរូបគេមិនទាន់បង្ហាញខ្លួនឱ្យបានពេញលេញឱ្យក្លិបឡើយ ពោលគឺប្រកួតបានត្រឹម៤ដងប៉ុណ្ណោះ។ យ៉ាងណា ស៊ីថា​ ម៉េងជូ ជាកីឡាករម្នាក់មានជំនាញខាងបញ្ជូនបាល់ និងបង្កើតឱកាសដល់មិត្តរួមក្រុមសម្រាប់ការគ្រប់គ្រងទម្រង់លេងនៅតំបន់កណ្តាល។

 កីឡាករ ស៊ីថា​ ម៉េងជូ ជាយុវជនឆ្លងកាត់ការបណ្ដុះបណ្ដាលពីគ្រូជំនាញៗរបស់ក្លិបបាល់ទាត់វិសាខា (Visakha FC) ដែលជាក្លិបបាល់ទាត់អាជីពដ៏ធំមួយ ក្នុងចំណោមក្លិបបាល់ទាត់ធំៗទាំង៦ ក្នុងលីគកំពូលកម្ពុជាបច្ចុប្បន្ន។ បន្ទាប់ពីបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ កីឡាករ ស៊ីថា​ ម៉េងជូ ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ មើលឃើញពីសមត្ថភាព និងជ្រើសរើសចូលរួមហ្វឹកហាត់ក្នុងក្រុមគោព្រៃវ័យជំទង់កម្ពុជា ហើយបានជាប់់ជាកីឡាករជម្រើសជាតិ ដើម្បីចូលរួមប្រកួតពានរង្វាន់យុវជនអាស៊ាន(ASEAN U19 BOY'S CHAMPIONSHIP 2026) និងការប្រកួតជម្រុះពានរង្វាន់អាស៊ី (AFC U20 Asian Cup Qualifiers)ផងដែរ។ សម្រាប់ កីឡាករ ស៊ីថា​ ម៉េងជូ ត្រូវបានគ្រូបង្វឹកចាត់ទុកថា ជាថ្នាលយុវជនមានទេពកោសល្យដ៏ល្អមួយរូប និងជាទំពាំងស្នងឫស្សីសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត