
ក្រុងស្ទឹងសែន៖ សំណង់ប្រព័ន្ធធារាសាស្ដ្រទំនើបកម្មកំពង់គោ ស្ថិតនៅចំណុចប្រសព្វស្ទឹងស្លាប់ ស្ទឹងតាំងក្រសាំង និងអូរដូនពៅ ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពង់សាងសង់យ៉ាងញាប់ដៃជើងពីសំណាក់មន្ត្រីជំនាញក្រសួងធនធានទឹក ខណៈប្រជាពលរដ្ឋរស់នៅស្រុកកំពង់ស្វាយ, ក្រុងស្ទឹងសែន, ស្រុកសន្ទុក កំពុងរង់ចាំយ៉ាងអន្ទះសាលើការស្រោចស្រពផលដំណាំកសិកម្មរបស់ខ្លួន ចេញពីប្រភពទឹកស្ទឹងសែន ដែលបង្ហូរដោយប្រព័ន្ធធារាសាស្ដ្រដ៏ទំនើបមួយនេះ...។

មន្ត្រីក្រសួងធនធានទឹក គូសបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ទី៦មិថុនាម្សិលមិញ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពជាក់ស្តែង។ ក្នុងពេលនោះ លោកបានលើកទ្បើងថា សំណង់ធារាសាស្ដ្រនេះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈការទាញយកប្រភពទឹកទៅប្រើប្រាស់ ក្នុងការបង្កបង្កើនផលកសិកម្ម និងការដាំដុះដំណាំរួមផ្សំផ្សេងៗ បានគ្រប់រដូវកាល ក្នុងទិសដៅបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារប្រជាកសិករឱ្យកាន់តែប្រសើរឡើង។

លើសពីនេះ សំណង់ធារាសាស្ដ្រនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចប្រតិបត្តិការគ្រប់គ្រង និងបញ្ជាទឹក។ មួយវិញទៀត មិនត្រឹមតែជួយក្នុងកិច្ចការរំដោះ និងបញ្ចៀសទឹកជំនន់ ដើម្បីការពារទីរួមខេត្តកំពង់ធំ និងតំបន់ទីប្រជុំជននានា មិនឱ្យរងការលិចលង់ក្នុងរដូវវស្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពខ្ពស់ក្នុងការស្ទាក់ និងស្ដុកទឹកទុក សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងរដូវប្រាំង ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុផងដែរ៕






