
រាជធានីភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី៦មិថុនាម្សិលមិញ បានចុះប្រតិបត្តិការក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញចំនួន៧៩ទីតាំង រកឃើញកន្លែងបើកល្បែងសុីសងខុសច្បាប់ចំនួន៦ទីតាំង ព្រមទាំងពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចំនួន២ករណីផងដែរ...។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិការនេះ ចុះទៅតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន។ ជាលទ្ធផល រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៦៣២នាក់ និងគ្មានលិខិតឆ្លងដែនចំនួន៦នាក់។ ក្នុងចំណោម៧៩ទីតាំង មានទីតាំងបើកល្បែងសុីសងខុសច្បាប់ចំនួន៦ នៅផ្សារចិន ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង១ទីតាំងទៀត ស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់។ ចំណែកទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ មានចំនួន២ករណី នៅខណ្ឌសែនសុខ និងខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យជនបរទេសបានចំនួន១១នាក់ និងសម្ភារមួយចំនួន។ ចំពោះជនសង្ស័យ និងសម្ភារដែលជាវត្ថុតាង ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ស្របពេលជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ទីតាំង គិតជាថវិកាសរុបចំនួន ៨ ០០០ ០០០រៀល (ប្រាំបីលានរៀល)។ គួរជ្រាបថា កាលពីកន្លងទៅថ្មីៗ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ ត្រូវត្រួតពិនិត្យ និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ក៏ដូចជាគ្រឿងញៀន ឱ្យបានដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាគោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងប្រមុខដឹកនាំក្រសួងមហាផ្ទៃដែលដាក់ចេញឱ្យអនុវត្ត៕





