វីរុសអេបូឡាស.ម្លា.ប់មនុស្ស២៦នាក់ក្នុងមួយថ្ងៃនៅកុងហ្គោ ខណៈព្រំដែនអាហ្វ្រិកចាប់ផ្ដើមចលាចល
N
Nary Vann
2 ម៉ោងមុន

កុងហ្គោ៖ ស្ថានភាពរីករាលដាលនៃវីរុសអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ភាគខាងកើត បាននិងកំពុងធ្លាក់ចូលទៅក្នុងដំណាក់កាលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរសុខាភិបាល កត់ត្រាអ្នកស្លាប់ថ្មីចំនួន២៦នាក់បន្ថែមទៀត ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី១៩ឧសភាម្សិលមិញ...។

ការកើនឡើងយ៉ាងគំហុកនេះ បានរុញច្រានចំនួនអ្នកបាត់បង់ជីវិតសរុបកើនដល់១៣១នាក់ ក្នុងចំណោមអ្នកសង្ស័យថា មានផ្ទុកវីរុសចំនួន៥៤៣ករណី និងករណីវិជ្ជមានច្បាស់ការណ៍ចំនួន៣៣ករណី ព្រមទាំងឆ្លងរាលដាលដល់ប្រទេសជិតខាងដូចជា អ៊ូហ្គង់ដា (Uganda) ២ករណីផងដែរ។ កាលពីសប្តាហ៍មុន អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដហាណូម ហ្គេប្រីយេស៊ូស (Tedros Adhanom Ghebreyesus) បានប្រកាសដាក់តំបន់ផ្ទុះអាសន្ននៃវីរុសអេបូឡាប្រភេទកម្រ Bundibugyo នេះ ជា «អាសន្នសុខភាពសាធារណៈដែលគួរឱ្យបារម្ភជាអន្តរជាតិ»

អ្វីដែលធ្វើឱ្យក្រុមអ្នកជំនាញព្រួយបារម្ភបំផុតនោះ គឺ វីរុសនេះ បានសម្ងំរីករាលដាលជាច្រើនសប្តាហ៍ដោយគ្មាននរណាដឹង នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅណែនណាន់តាន់តាប់ និងជាកន្លែងដែលកំពុងរងការបំផ្លិចបំផ្លាញដោយសារជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ ធ្វើឱ្យក្រុមគ្រូពេទ្យពិបាកចុះទៅពិនិត្យ។ ជាងនេះទៅទៀត ទីក្រុងធំ ដែលមានប្រជាជនរាប់សែននាក់រស់នៅ គឺ ទីក្រុងប៊ូតេមបូ (Butembo) ក៏ទើបតែបានរកឃើញអ្នកឆ្លង២ករណីដំបូងគេបង្អស់ កាលពីដើមសប្តាហ៍នេះផងដែរ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឆ្លងព្រំដែនប្រទេស អាជ្ញាធរអ៊ូហ្គង់ដា បានចាប់ផ្ដើមរឹតបន្តឹង និងកម្រិតការធ្វើដំណើរឆ្លងកាត់ព្រំដែនហើយ ខណៈប្រជាជនកុងហ្គោដែលព្យាយាមឆ្លងដែនចូលទៅកាន់ប្រទេសរ្វាន់ដា (Rwanda) ក៏កំពុងត្រូវបានគេឃាត់ខ្លួននៅតាមច្រកព្រំដែនដូចគ្នា។ ទោះជាយ៉ាងណា អង្គការ WHO បានចេញមុខអំពាវនាវដល់បណ្ដាប្រទេសជិតខាងទាំងនោះ កុំឱ្យបិទព្រំដែនទាំងស្រុងឡើយ ព្រោះការបិទច្រកផ្លូវការអាចនឹងជំរុញឱ្យប្រជាពលរដ្ឋលួចធ្វើដំណើរតាមច្រករបៀងខុសច្បាប់ ដែលធ្វើឱ្យអាជ្ញាធរកាន់តែពិបាកគ្រប់គ្រង និងត្រួតពិនិត្យសុខភាពទៅវិញទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត