
កុងហ្គោ៖ ស្ថានភាពអាសន្នផ្នែកសុខាភិបាលនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងធ្លាក់ដុនដាបយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីករណីសង្ស័យឆ្លងវីរុសអេបូឡា ប្រភេទ Bundibugyo (ប៊ុនឌីបុគយ៉ូ) ដែលគ្មានវ៉ាក់សាំង ឬថ្នាំព្យាបាល បានហក់ឡើងដល់៩០៤នាក់ និងស្លាប់១១៩នាក់ គិតត្រឹមថ្ងៃទី២៤ ខែឧសភា។

ភាគច្រើននៃករណីទាំងនេះ បានកើតឡើងនៅក្នុងខេត្ត Ituri (អ៊ីធួរី) ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើង និងជាទីតាំងសមរភូមិសង្គ្រាមប្រដាប់អាវុធរវាងទ័ពរដ្ឋាភិបាល ជាមួយក្រុមឧទ្ទាមបំបែករដ្ឋជាច្រើនបក្ខពួក ដូចជាក្រុម AFC/M23 ក្រុមជ្រុលនិយម ADF និងក្រុម IS ដែលបង្ខំឱ្យប្រជាជនជិត១លាននាក់រត់ភៀសខ្លួនទៅកាន់ជំរំក្បែរក្រុង Bunia (ប៊ូនៀ) និងធ្វើឱ្យគ្រូពេទ្យរត់ចោលមន្ទីរពេទ្យអស់។

ស្ថានភាពកាន់តែស្មុគស្មាញ បន្ទាប់ពីកំហឹងពីសហគមន៍ផ្ទុះឡើងខ្លាំង រហូតដល់ថ្នាក់ក្រុមក្មេងទំនើងក្នុងស្រុក បានលបដុតបំផ្លាញមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡានៅតំបន់ Rwampara (រ៉វ៉ាមផារ៉ា) និង Mongbwalu (ម៉ុងវ៉ាលូ) ដើម្បីដណ្តើមយកសាកសពមិត្តភក្តិមកវិញ និងបានចោទប្រកាន់ក្រុមជំនួយអន្តរជាតិថា និយាយកុហកអំពីរឿងជំងឺអេបូឡា។ កំហឹងនេះកើតចេញពីការមិនពេញចិត្តនឹងច្បាប់ហាមឃាត់ពិធីបុណ្យសពតាមប្រពៃណី (ដោយសារសាកសពមានអត្រាឆ្លងខ្ពស់) បូករួមនឹងការខកចិត្តដែលរដ្ឋសន្តិសុខ និងកងរក្សាសន្តិភាពបរាជ័យក្នុងការការពារពួកគេពីក្រុមឧទ្ទាមជាច្រើនឆ្នាំ។ ដើម្បីគ្រប់គ្រងស្ថានការណ៍ អាជ្ញាធរបានប្រកាសហាមឃាត់ការជួបជុំលើសពី៥០នាក់ និងដាក់ពង្រាយកងទ័ពប្រដាប់អាវុធដើម្បីយាមកាមការបញ្ចុះសព។

ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យកំពុងខ្វះខាតសម្ភារៈការពារខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយមានត្រឹមតែម៉ាស់ និងទឹកអាល់កុល ក្រោយពីសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសអ្នកមាន បានកាត់ផ្តាច់ជំនួយអន្តរជាតិកាលពីឆ្នាំមុន ដែលវាបានកាត់បន្ថយសមត្ថភាពរបស់កុងហ្គោក្នុងការស្វែងរក និងទប់ស្កាត់ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះទាំងស្រុង៕





