ខេត្តភាគខាងត្បូងថៃចំនួន៦ប្រកាសអាសន្ន ត្រៀមទប់ទល់នឹងជំនន់ទឹកភ្លៀង និងរលកសមុទ្ទយក្សកម្ពស់ជាង៣ម៉ែត្រ
N
Nary Vann
មួយម៉ោងមុន

រាជធានីបាងកក៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ បានចេញសេចក្តីព្រមានបន្ទាន់មួយ នៅថ្ងៃទី៣មិថុនានេះ ដោយបង្គាប់ឱ្យខេត្តភាគខាងត្បូងជាប់ឆ្នេរសមុទ្ទចំនួន៦ ត្រូវត្រៀមលក្ខណៈជាស្រេច ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទប់ទល់នឹងការធ្លាក់ភ្លៀងខ្លាំង ទឹកជំនន់ភ្លាមៗ ទឹកជំនន់ហូរធ្លាក់ពីលើភ្នំ គ្រោះបាក់ដី និងរលកសមុទ្ទបោកបក់ខ្លាំងរហូតដល់ថ្ងៃទី៨ ខែមិថុនា ដោយសារឥទ្ធិពលនៃខ្យល់មូសុងនិរតីកំពុងវាយប្រហារយ៉ាងខ្លាំង។

នាយកដ្ឋានឧតុនិយម គូសបញ្ជាក់ថា យោងតាមការព្យាករឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅខ្លាំងបំផុត ដែលអាចបង្កជាទឹកជំនន់ភ្លាមៗ។ ទន្ទឹមនឹងនេះ ស្ថានភាពនៅក្នុងសមុទ្ទអាន់ដាម៉ាន់ នឹងមានសភាពគ្រោះថ្នាក់ខ្លាំង ដោយកម្ពស់រលកសមុទ្ទអាចហក់ឡើងពី២ទៅ៣ម៉ែត្រ ហើយអាចមានកម្ពស់លើសពី៣ម៉ែត្រ នៅក្នុងតំបន់ដែលមានខ្យល់ព្យុះ និងផ្គររន្ទះ។ អាជ្ញាធរថៃ បានកំណត់មុខសញ្ញាខេត្តងាយរងគ្រោះទាំង៦ រួមមាន៖ ខេត្តរនង (จังหวัดระนอง), ភ្ងា ឬផាំងង៉ា(พังงา), ភូកេត (ภูเก็ต), ក្របី (กระบี่), ត្រែង ឬត្រាំង(ตรัง) និងខេត្តសាទុន (สตูล)។ ក្នុងនោះ ខេត្តចំនួន៤ដំបូង ត្រូវបានដាក់ឱ្យស្ថិតក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ខ្លាំង និងរលកសមុទ្ទបោកបក់បាក់ឆ្នេរផងដែរ។

ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនេះ អាជ្ញាធរថៃបានដាក់ចេញបញ្ជាឱ្យបិទតំបន់ទេសចរណ៍ងាយរងគ្រោះ ដូចជា រូងភ្នំ និងទឹកធ្លាក់ជាបណ្តោះអាសន្ន និងបញ្ជាឱ្យមជ្ឈមណ្ឌលសង្គ្រោះប្រចាំតំបន់រៀបចំទីទួលសុវត្ថិភាព ស្បៀងអាហារ ទឹកស្អាត និងគ្រឿងឧបភោគបរិភោគចាំបាច់ ព្រមទាំងដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់នៅក្នុងតំបន់ហានិភ័យខ្ពស់ ដើម្បីអាចជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត