
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរគុល (Anutin Charnvirakul) បានចេញបញ្ជាបន្ទាន់មួយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយបង្គាប់ឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ត្រូវប្រញាប់បើកការចរចាជាបន្ទាន់ជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីដោះស្រាយវិបត្តិពាណិជ្ជកម្ម ក្រោយពេលម៉ាឡេស៊ីបានប្រកាសបិទការនាំចូលបង្កងពីប្រទេសថៃជាបណ្ដោះអាសន្ន។ លោក អានុទីន បានព្រមានថា បញ្ហានេះមិនត្រូវទុកឱ្យអូសបន្លាយឡើយ ព្រោះវាអាចបំផ្លាញខ្សែសង្វាក់ផ្គត់ផ្គង់អាហារសមុទ្ទទាំងមូល និងប៉ះពាល់ដល់ជីវភាពរបស់កសិករខ្នាតតូចយ៉ាងធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍ពីសារព័ត៌មានបាងកកប៉ុស្តិ៍ ការបិទការនាំចូលនេះអាចធ្វើឱ្យប្រទេសថៃត្រូវខាតបង់ប្រាក់ចំណូលរហូតដល់ទៅជាង៤ប៊ីលានបាត (ឬប្រមាណ ១២២លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ)។ ជារៀងរាល់ឆ្នាំ ថៃបាននាំចេញបង្កងទៅកាន់ម៉ាឡេស៊ីចន្លោះពី៦ពាន់ ទៅ៨ពាន់តោន ស្មើនឹង៥ភាគរយនៃទំហំនាំចេញបង្កងសរុបរបស់ថៃ។ មូលហេតុដែលម៉ាឡេស៊ីជាទីផ្សារដ៏សំខាន់ និងងាយស្រួលបំផុតរបស់ថៃ គឺដោយសារតែកសិករនៅភាគខាងត្បូងថៃ អាចដឹកជញ្ជូនបង្កងឆ្លងដែនទៅលក់បានភ្លាមៗ ដោយមិនចាំបាច់ចំណាយពេលដឹកមកកាន់តំបន់កណ្តាលនៃប្រទេសឡើយ។

ចំណាត់ការបិទផ្លូវពាណិជ្ជកម្មនេះ បានចាប់ផ្ដើមអនុវត្តជាផ្លូវការកាលពីថ្ងៃទី១មិថុនា បន្ទាប់ពីក្រសួងកសិកម្ម និងស្បៀងអាហារម៉ាឡេស៊ី បានប្រកាសដាក់បម្រាមការនាំចូលបង្កងចំនួន៥ប្រភេទពីប្រទេសថៃជាបណ្ដោះអាសន្ន ព្រមទាំងរឹតបន្តឹងលើការនាំចូលត្រី Seabass ផងដែរ។ អាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ច្បាស់ៗថា ការបិទការនាំចូលបង្កងនេះ គឺជាវិធានការសងសឹកទៅនឹងចំណាត់ការរបស់ថៃ កាលពីខែមីនា ឆ្នាំ២០២៤ ដែលកាលណោះ នាយកដ្ឋានជលផលថៃបានរឹតបន្តឹង និងហាមឃាត់ការនាំចូលត្រី Seabass ពីម៉ាឡេស៊ី ដោយសារបារម្ភពីរឿងសារធាតុគីមី។

បច្ចុប្បន្ន ក្រសួងកសិកម្មម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា របាំងពាណិជ្ជកម្មលើបង្កងថៃនេះ នឹងត្រូវបន្តរក្សាទុកដដែល រហូតទាល់តែអាជ្ញាធរថៃដាក់ជូននូវរបាយការណ៍ឆ្លើយតបផ្លូវការពេញលេញ ទៅកាន់ម៉ាឡេស៊ី ដើម្បីវាយតម្លៃឡើងវិញពីស្តង់ដារសុវត្ថិភាពស្បៀងអាហារ។ ស្របពេលជាមួយគ្នានេះ សមាគមបង្កងថៃបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីវិបត្តិបង្កងសល់លើសលប់ពេញទីផ្សារក្នុងស្រុក និងការធ្លាក់ចុះនៃតម្លៃ ប្រសិនបើរាជរដ្ឋាភិបាលមិនអាចដោះស្រាយវិវាទនេះជាមួយម៉ាឡេស៊ីបានលឿនទេនោះ៕




