អស់ក្ដីសង្ឃឹមហើយ៖ ឡាវប្រកាសផ្អាករុករកអ្នកជាប់ក្នុងរូងភ្នំ២នាក់ ដោយសារលក្ខខណ្ឌមិនអំណោយផល
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីវៀងចន្ទ៖ ក្រុមអ្នកជួយសង្គ្រោះ បានសម្រេចចិត្តបិទផ្អាកប្រតិបត្តិការស្វែងរកបុរស២នាក់ ដែលបានជាប់គាំងនៅក្នុងរូងភ្នំលិចទឹកក្នុងប្រទេសឡាវអស់រយៈពេលជាងពីរសប្តាហ៍មកហើយ កាលពីថ្ងៃទី៦មិថុនា។ ការសម្រេចចិត្តដកថយទាំងបង្ខំចិត្តនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពរចនាសម្ព័ន្ធរូងភ្នំចាប់ផ្តើមរលំ អាកាសធាតុមិនល្អ និងមានភ្លៀងធ្លាក់ខ្លាំងបន្ថែម រួមផ្សំនឹងឱកាសរស់រានមានជីវិតរបស់ជនរងគ្រោះ កាន់តែរលាយបាត់បន្តិចម្ដងៗ...។

គួររំឭកថា កាលពីថ្ងៃទី២០ឧសភា មានអ្នកភូមិសរុប៧នាក់ បានរងគ្រោះជាប់គាំងក្នុងរូងភ្នំនេះ ដោយសារទឹកជំនន់ជន់លិចបិទផ្លូវមាត់រូង អំឡុងពេលពួកគេចូលទៅរកមាស និងបរបាញ់ប្រជៀវ។ មួយសប្តាហ៍ក្រោយមក ក្រុមសង្គ្រោះអន្តរជាតិរកឃើញមនុស្ស៥នាក់ និងបានជួយសង្គ្រោះនាំពួកគេចេញមកក្រៅដោយសុវត្ថិភាព។ ដោយឡែក ចំពោះអ្នកភូមិ២នាក់ដែលកំពុងបាត់ខ្លួន គឺពួកគេបានដើរចូលទៅក្នុងល្អាងភ្នំនោះដាច់ដោយឡែកពីគេ ហើយក្រុមការងារនៅតែមិនទាន់អាចស្វែងរកទីតាំងរបស់ពួកគេឃើញនៅឡើយ ជិតមួយសប្តាហ៍មកនេះ។

គិតត្រឹមថ្ងៃសុក្រ ក្រុមអ្នកជំនាញរូងភ្នំអន្តរជាតិល្បីៗមកពីប្រទេសហ្វាំងឡង់ និងជប៉ុន បានសម្រេចចិត្តចាកចេញពីទីតាំងនោះអស់ហើយ។ ទោះបីជាពេលនេះត្រូវបង្ខំចិត្តដកថយ និងហាមឃាត់មិនឱ្យមនុស្សចូលទៅក្នុងរូងភ្នំទៀតក៏ដោយ ក៏ក្រុមការងារនៅតែបន្តបូមទឹកចេញពីខាងក្រៅ និងបានបន្សល់ទុកស្បៀងអាហារនៅតាមចំណុចមួយចំនួនក្នុងរូងភ្នំ ដោយសង្ឃឹមថា នឹងមានអព្ភូតហេតុជួយឱ្យអ្នកបាត់ខ្លួនទាំង២នាក់អាចរកផ្លូវចេញមកក្រៅបាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត