
រដ្ឋធានីវៀងចន្ទ៖ ស្ថានីយទូរទស្សន៍ជាតិឡាវ (Lao National TV) បានប្រកាសព័ត៌មានដ៏រីករាយ កាលពីថ្ងៃទី២៧ឧសភាម្សិលមិញថា ប្រតិបត្តិការស្វែងរកដ៏ស្វិតស្វាញបានសម្រេចជោគជ័យ ដោយក្រុមសង្គ្រោះបានរកឃើញអ្នកភូមិទាំង៧នាក់ នៅរស់រានមានជីវិតទាំងអស់ ក្រោយពីជាប់នៅក្នុងរូងភ្នំដ៏ជ្រៅមួយ ស្ថិតក្នុងខេត្តសៃសំប៊ូន អស់រយៈពេលជាច្រើនថ្ងៃ...។

ភ្លាមៗ...បន្ទាប់ពីបានរកឃើញ ក្រុមសង្គ្រោះបានបញ្ជូនអាហារ និងទឹកស្អាតចូលទៅឱ្យពួកគេ ដើម្បីជួយសម្រួលដល់ការស្តារកម្លាំងឡើងវិញ ខណៈក្រុមគ្រូពេទ្យជំនាញកំពុងត្រៀមលក្ខណៈ និងរង់ចាំនៅឯមាត់រូងភ្នំជានិច្ច ហើយគេរំពឹងថា ជនរងគ្រោះទាំង ៧នាក់ នឹងត្រូវជម្លៀសចេញមកក្រៅដោយសុវត្ថិភាព នៅថ្ងៃទី២៨ឧសភានេះហើយ។ គួររំលឹកថា ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី២០ ខែឧសភា នៅពេលដែលអ្នកភូមិមកពីភូមិភោនសៃ (ໂພນໄຊ) នាំគ្នាដើរចូលទៅក្នុងរូងភ្នំដ៏ចង្អៀត និងជ្រៅមួយនោះ ដើម្បីរកអាហារ ប៉ុន្តែជាអកុសល ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បានធ្វើឱ្យកម្រិតទឹកនៅក្នុងទន្លេក្រោមដីហក់ឡើងខ្ពស់យ៉ាងគំហុក និងបិទផ្លូវចេញចូលរូងភ្នំតែម្ដង។

ទម្រាំតែសម្រេចបានជោគជ័យដ៏អស្ចារ្យនេះ អាជ្ញាធរមូលដ្ឋានឡាវ បានប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ក្នុងនោះ ក៏មានការចូលរួមគាំទ្រ និងសហការយ៉ាងស្អិតល្មួតពីសំណាក់ក្រុមសង្គ្រោះជំនាញរបស់ប្រទេសចិន និងថៃ ដែលបានធ្វើដំណើរឆ្លងដែនមកជួយជ្រោមជ្រែង ទាំងការរុករក និងការរៀបចំផែនការជម្លៀសចេញរហូតដល់ពេលនេះ៕



