ដំណឹងថ្មីពីរូងភ្នំឡាវ៖ ជម្លៀសចេញពីរូងបាន៥នាក់ហើយ ខណៈ២នាក់ទៀតបន្តស្វែងរក
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីវៀងចន្ទន៍៖ ក្រុមកាត់បន្ថយគ្រោះមហន្តរាយ និងអ្នកស្ម័គ្រចិត្តរបស់ប្រទេសថៃ បានប្រកាសព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ កាលពីថ្ងៃទី៣០ឧសភាម្សិលមិញថា ប្រតិបត្តិការរួមគ្នាកម្រិតអន្តរជាតិ បានឈានដល់ដំណាក់កាលជោគជ័យមួយទៀត នោះគឺការជម្លៀសជនរងគ្រោះ៥នាក់ ចេញពីរូងភ្នំលិចទឹក ស្ថិតក្នុងខេត្តសៃស៊ំប៊ូន (ໄຊສົມບູນ) ប្រទេសឡាវ បានដោយសុវត្ថិភាព។ បុរសម្នាក់ត្រូវបាននាំចេញមកក្រៅកាលពីយប់ថ្ងៃសុក្រ និងមនុស្ស៤នាក់ទៀត ត្រូវបានទាញចេញមកក្រៅជាបន្តបន្ទាប់នៅថ្ងៃសៅរ៍។

វីដេអូសកម្មភាពរបស់ក្រុមអ្នកស្ម័គ្រចិត្ត បានបង្ហាញឱ្យឃើញពីទិដ្ឋភាពដ៏រំភើប ដោយជនរងគ្រោះជាជនជាតិឡាវទាំងនោះ បានដើរចេញមករកពន្លឺព្រះអាទិត្យវិញ ជាមួយសម្លៀកបំពាក់ប្រឡាក់ភក់ពេញរាងកាយ និងមានទឹកមុខញញឹម ខណៈអ្នកខ្លះទៀតបានសម្រក់ទឹកភ្នែកដោយសារក្ដីរំភើបហួសប្រមាណ ក្រោយពីត្រូវជាប់គាំងនៅក្នុងរូងភ្នំងងឹតស្លុបអស់រយៈពេលជាងមួយសប្តាហ៍។ អាជ្ញាធរបានបង្ហើបថា ជនរងគ្រោះពិតប្រាកដមានគ្នាទាំងអស់៧នាក់ ដែលបាននាំគ្នាដើរចូលទៅក្នុងរូងភ្នំនេះ ដើម្បីរុករករ៉ែមាស ប៉ុន្តែជាអកុសលត្រូវទឹកជំនន់ហក់ឡើងបិទផ្លូវចេញ។ បច្ចុប្បន្ន នៅសល់មនុស្ស២នាក់ទៀតដែលកំពុងបាត់ខ្លួន ហើយក្រុមសង្គ្រោះប្ដេជ្ញាបន្តរុករកយ៉ាងសកម្មបំផុត។

យុទ្ធនាការសង្គ្រោះជីវិតដ៏ធំធេងនេះ មានការចូលរួមជ្រោមជ្រែងពីក្រុមកំពូលអ្នកមុជទឹកជំនាញៗមកពីជុំវិញពិភពលោក រួមមាន៖ ហ្វាំងឡង់ បារាំង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ជប៉ុន ថៃ និងអូស្ត្រាលី។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺសមាជិកមួយចំនួននៃក្រុមមុជទឹកអន្តរជាតិនេះ គឺជាអ្នកធ្លាប់មានបទពិសោធផ្ទាល់ នៅក្នុងយុទ្ធនាការជួយសង្គ្រោះក្រុមបាល់ទាត់កុមារដ៏ល្បីល្បាញ អស់រយៈពេល១៧ថ្ងៃនៅក្នុងរូងភ្នំថាំលួង (ถ้ำหลวง) ភាគខាងជើងប្រទេសថៃ កាលពីឆ្នាំ២០១៨កន្លងទៅផងដែរ ដែលបទពិសោធចាស់នេះបានជួយឱ្យបេសកកម្មនៅប្រទេសឡាវ ដំណើរការទៅបានយ៉ាងរលូន និងមានសង្ឃឹមខ្ពស់។ ទោះយ៉ាងណា កន្លងមកសារព័ត៌មានចិន ស៊ីនហួរ ធ្លាប់បានចេញផ្សាយថា អ្នកជាប់នៅក្នុងរូងភ្នំ ត្រូវបានរកឃើញទាំង៧នាក់ហើយ ប៉ុន្តែពេលនេះបែរជាស្ថាប័នជំនាញរបស់ឡាវប្រកាសថា នៅបន្តបាត់ខ្លួន២នាក់ទៅវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត