
រដ្ឋធានីវៀងចន្ទន៍៖ ប្រតិបត្តិការស្វែងរកអ្នកភូមិ៧នាក់ ដែលបានជាប់នៅក្នុងរូងភ្នំលិចទឹកមួយកន្លែងនៅភាគកណ្តាលនៃប្រទេសឡាវ បានឈានចូលដល់ថ្ងៃទី៧ហើយ ខណៈក្រុមអ្នកសង្គ្រោះកំពុងជួបប្រទះនូវឧបសគ្គយ៉ាងខ្លាំង ដោយសារស្ថានភាពទីតាំងភូមិសាស្ត្រដ៏លំបាក និងអាកាសធាតុអាក្រក់មិនអំណោយផង ដល់ការចូលទៅឱ្យដល់ទីតាំងក្រុមជនរងគ្រោះ ដោយបច្ចុប្បន្នគេនៅមិនទាន់ដឹងអំពីស្ថានការណ៍របស់ជនរងគ្រោះ ថាស្លាប់ ឬនៅរស់រានមានជីវិតនៅឡើយទេ...។

អ្នកភូមិទាំងនោះ បានដើរចូលទៅក្នុងរូងភ្នំ ស្ថិតក្នុងខេត្តសៃសំប៊ូន (ໄຊສົມບູນ) កាលពីថ្ងៃទី១៩ឧសភា ប៉ុន្តែភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានទឹកជំនន់យ៉ាងឆាប់រហ័ស និងបានបិទផ្លូវច្រកចេញចូលតែម្ដង នេះបើតាមការបញ្ជាក់របស់ក្រុមជួយសង្គ្រោះ។ អង្គការសង្គ្រោះស្ម័គ្រចិត្តឡាវ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ផែនការប្រតិបត្តិការនៅថ្ងៃអង្គារទី២៦ ខែឧសភានេះ រួមមាន៖ ការរុករករន្ធខ្យល់ពីខាងលើរូងភ្នំ ក្នុងក្ដីសង្ឃឹមថា នឹងអាចរកឃើញផ្លូវចូលថ្មី និងកំណត់ទីតាំងដែលអ្នកភូមិទាំងនោះកំពុងជាប់គាំង។ យោងតាមក្រុមអ្នកសង្គ្រោះ ក្រុមអ្នកមុជទឹក បានព្យាយាមរុករកចូលទៅក្នុងរូងភ្នំដ៏ចង្អៀត និងមុជទឹកបានចម្ងាយប្រហែល១០០ម៉ែត្រហើយ។

បច្ចុប្បន្ន ក្រុមការងារសង្គ្រោះកំពុងសម្រុកបូមទឹកចេញពីរូងភ្នំ ដើម្បីសម្រួលដល់ការស្វែងរកទីតាំងកើតហេតុ ដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយនៃស្រុកឡុងឆេង (ລອງເຊັງ) ខេត្តសៃសំប៊ូន (ໄຊສົມບູນ) ដែលមានចម្ងាយប្រហែល១២០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីវៀងច័ន្ទន៍។ វីដេអូដែលបានចែករំលែកដោយក្រុមសង្គ្រោះថៃ បង្ហាញថា ការធ្វើដំណើរទៅកាន់មាត់រូងភ្នំ តម្រូវឱ្យដើរថ្មើរជើងឡើងភ្នំយ៉ាងចោតចម្ងាយប្រហែល៤គីឡូម៉ែត្រ។ ចំណែកឯមាត់រូងភ្នំវិញ មានសភាពចោតខ្លាំង និងពោរពេញដោយផ្ទាំងថ្ម ដែលអាចឱ្យមនុស្សម្នាក់ប៉ុណ្ណោះ វាចូលក្នុងម្ដងមួយៗ។ នៅខាងក្នុងរូងភ្នំ ក្រុមសង្គ្រោះត្រូវឆ្លងកាត់ផ្លូវភក់ល្បាប់ ផ្លូវលិចទឹក និងផ្លូវរូងភ្នំដ៏តូចចង្អៀត ដែលបង្ខំឱ្យពួកគេត្រូវវាទៅមុខម្ដងបន្តិចៗ។

ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការ អំពីមូលហេតុដែលអ្នកភូមិទាំងនោះចូលទៅក្នុងរូងភ្នំក៏ដោយ ប៉ុន្តែជារឿយៗរូងភ្នំនេះ ជាកន្លែងដែលប្រជាពលរដ្ឋតែងតែលបលួចចូលទៅរកមាស ទោះបីអាជ្ញាធរធ្លាប់បានព្រមានជាច្រើនលើកច្រើនសា ពីបញ្ហាសុវត្ថិភាពក៏ដោយ៕




