អ្នកភូមិឡាវ៧នាក់ ជាប់ក្នុងរូងភ្នំជម្រៅជាង១០០ម៉ែត្រអស់រយៈពេល៦ថ្ងៃ ក្រោយលបចូលទៅរកមាស
N
Nary Vann
10 ម៉ោងមុន

រាជធានីវៀងច័ន្ទ៖ ក្រុមកងកម្លាំងចម្រុះរបស់ឡាវ រួមជាមួយអ្នកជំនាញសង្គ្រោះមកពីប្រទេសថៃ និងចិន កំពុងសហការគ្នាយ៉ាងដុតដៃដុតជើង ដើម្បីស្វែងរក និងជួយសង្គ្រោះអ្នកភូមិ៧នាក់ ដែលបានជាប់នៅក្នុងរូងភ្នំដាច់ស្រយាលមួយកន្លែង ស្ថិតក្នុងខេត្តសៃសូមប៊ូន (ໄຊສົມບູນ) ប្រទេសឡាវ អស់រយៈពេល៦ថ្ងៃមកហើយ គិតត្រឹមថ្ងៃចន្ទទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ...។

ក្រុមអ្នកភូមិទាំងនោះ បានលបចូលទៅក្នុងរូងភ្នំតាំងពីថ្ងៃទី២០ ខែឧសភា ដើម្បីបរបាញ់សត្វ និងរុករកមាសខុសច្បាប់ ប៉ុន្តែជាអកុសល ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យទឹកជំនន់ជន់លិចបិទផ្លូវចេញចូលទាំងស្រុងតែម្ដង។ ដំបូងឡើយ ក្រុមគ្រួសារ និងអ្នកភូមិមិនហ៊ានរាយការណ៍ប្រាប់សមត្ថកិច្ចឡើយ ព្រោះខ្លាចរងទោសទណ្ឌពីច្បាប់រដ្ឋាភិបាល។ ប៉ុន្តែ បន្ទាប់ពីពួកគេលបជួយសង្គ្រោះមិនបានសម្រេចអស់រយៈពេលជិត៣ថ្ងៃ ទើបសម្រេចចិត្តផ្ញើវីដេអូសុំជំនួយជាបន្ទាន់តាមរយៈហ្វេសប៊ុក និងមីសិនជើ ទៅកាន់អ្នកផលិតមាតិកាល្បីឈ្មោះម្នាក់ក្នុងស្រុក (Influencer) រហូតផ្អើលដល់បណ្ដាញសង្គមថៃ និងឈានដល់ការបញ្ជូនក្រុមសង្គ្រោះ ដែលមានជំនាញចំនួន២៦នាក់ ឱ្យហោះឆ្លងដែនមកជួយអន្តរាគមន៍។

បច្ចុប្បន្ន អាជ្ញាធរឡាវ បានដាក់ពង្រាយកម្លាំងទាហាន ប៉ូលិស និងក្រុមគ្រូពេទ្យ ដើម្បីដំណើរការម៉ាស៊ីនបូមទឹកចេញពីរូងភ្នំដែលមានជម្រៅជាង១០០ម៉ែត្រ និងមានផ្លូវចង្អៀតគ្រោះថ្នាក់២៤ម៉ោងលើ២៤ម៉ោង ទោះបីជាមានការរំខានដោយសារភ្លៀងធ្លាក់បន្តបន្ទាប់ក្ដី។ មកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងពីស្ថានភាពរបស់ជនរងគ្រោះទាំង ៧នាក់នោះនៅឡើយទេ ខណៈរដ្ឋាភិបាលឡាវ ក៏មិនទាន់ចេញសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត