
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នាបន្តទៀតដើម្បីធានា ទប់ស្កាត់ កុំឱ្យជំងឺគ្រុនចាញ់កើតមានក្នុងប្រទេសកម្ពុជាឡើងវិញ…។

តាមរយៈសាលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដំបូងគេនៅក្នុងចំណោមប្រទេសស្ថិតនៅមហាអនុតំបន់ទន្លេមេគង្គ ដែលសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការ។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ ពិតជាគំរូមេរៀនដ៏ល្អមួយនៃជំហានដំបូងរបស់ផែនការយុទ្ធសាស្ត្រជាតិ ជាត្រីវិស័យច្បាស់លាស់ ត្រឹមត្រូវ ដែលយើងត្រូវបន្តដំណើរដ៏វែងឆ្ងាយទៀត ប្រកបដោយស្ថិរភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងបរិយាបន្ន ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល ក្រោមឥរិយាបថទទួលខុសត្រូវខ្ពស់។

សម្ដេចជំរុញឱ្យអ្នកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋប្តេជ្ញារួមគ្នាបង្ការ ទប់ស្កាត់ និង ធានាថា ជំងឺគ្រុនចាញ់នឹងមិនកើតមានក្នុងប្រទេសកម្ពុជាឡើងវិញ ព្រមទាំងបង្ការ ទប់ស្កាត់ឱ្យទាន់ពេលវេលានៃការរីករាលដាលជំងឺគ្រុនចាញ់ នាំចូលពីបណ្តាប្រទេសផ្សេងទៀត ដែលនៅមានជំងឺគ្រុនចាញ់នៅឡើយ។ សម្ដេចមានប្រសាសន៍បន្ថែមថា កាលពីឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានបោះជំហានទៅមុខគួរជាទីមោទនៈ ដោយសម្រេចបានយ៉ាងពេញលេញលើគ្រប់គោលដៅគន្លឹះរបស់«ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺ គ្រុនចាញ់ ឆ្នាំ២០១១-២០២៥»។

គិតចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៥ កម្ពុជាមិនមានករណីឆ្លងជំងឺគ្រុនចាញ់ថ្មីក្នុងប្រទេសទេ ព្រមទាំងមិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ រាប់ចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការបញ្ចប់ជំងឺគ្រុនចាញ់ ត្រូវតែជាគោលដៅរួមគ្នាតែមួយជានិរន្តរ ហើយយើងប្តេជ្ញាថែរក្សាសមិទ្ធផល «កម្ពុជាគ្មានជំងឺគ្រុនចាញ់» ដែលជាជោគជ័យជាប្រវត្តិសាស្ត្រឱ្យនៅស្ថិតស្ថេរ៕





