
រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦។ កំលុងពេលប្រជាពលរដ្ឋខ្មែរធ្វើដំណើរទៅជួបជុំក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំកាន់តែច្រើន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារជូនពរដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរលើដងផ្លូវ ប្រកបដោយសុខសុវត្ថិភាព...។

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី១២មេសានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដូចឆ្នាំមុនៗ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រាជរដ្ឋាភិបាល បានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ ឆ្នាំនេះ រដ្ឋបានរៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២-១៧មេសា។

ក្នុងនោះ៖ រថយន្តក្រុងចំនួន៥០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញ និង១០០គ្រឿងទៀត សម្រាប់ដឹកជញ្ជូនពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករ-និយោជិតទាំងអស់មិនថាទៅស្រុកកំណើត ឬធ្វើដំណើរកម្សាន្តតាមបណ្ដាខេត្ត សូមធ្វើដំណើរតាមរយៈរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរបស់រាជធានីភ្នំពេញ (រថយន្តក្រុង ) ប្រកបដោយសុវត្ថិភាព និងផាសុកភាពទាំងអស់គ្នា៕





