សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាអភិវឌ្ឍសង្គមជាតិ និងការពារបូរណភាពទឹកដី ទោះជួបឧបសគ្គយ៉ាងណាក៏ដោយ
S
Soriya Sou
13 មេសា 2026 04:30 AM

រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាជូនប្រជាពលរដ្ឋកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំប្រឹងប្រែងកសាង ការពារ និងអភិវឌ្ឍសង្គមជាតិឈរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយបូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល…។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបពលរដ្ឋភៀសសឹក នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីកំលុងខែកុម្ភៈ ឆ្នាំ២០២៦។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបពលរដ្ឋភៀសសឹក នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីកំលុងខែកុម្ភៈ ឆ្នាំ២០២៦។

ផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤មេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឆ្នាំកន្លងទៅ យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក និងថ្មីៗជាច្រើនមិនធ្លាប់មានដែលបាននិងកំពុងបង្កើតជាផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលមកលើសន្តិសុខ និងសង្គម-សេដ្ឋកិច្ចជាតិកម្ពុជា។ ដូច្នេះ យើងត្រូវតែប្រែក្លាយការលំបាកទាំងនេះឱ្យទៅជាបទពិសោធ, ប្រែក្លាយការឈឺចាប់ឱ្យទៅជាថាមពលដ៏រឹងមាំ និងប្រែក្លាយឧបសគ្គឱ្យទៅជាឱកាសដើម្បីជោគជ័យ។ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខំប្រឹងប្រែងកសាង ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកភាពសុខដុមរមនា សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គម បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមយ៉ាងណាក៏ដោយ»។

សម្ដេចធិបតីក៏បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរយុទ្ធជន និងកងកម្លាំងដ៏អង់អាចក្លាហានគ្រប់រូបក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនៃការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជាពីសត្រូវឈ្លានពាន និងបានកោតសរសើរចំពោះស្មារតីស្នេហាជាតិមាតុភូមិរបស់បងប្អូនជនរួមជាតិគ្រប់រូបក្នុងការការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី និងសន្តិភាពដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ មេដឹកនាំកម្ពុជាប្រកាសប្តេជ្ញាចិត្តថា៖«បូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ទាំងពេលបច្ចុប្បន្ន និងអនាគត។ កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការការពារខ្លួនតាមគ្រប់មធ្យោបាយស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ»។

ក្នុងកាលៈទេសៈដូចបច្ចុប្បន្ន និងសម្រាប់ប្រទេសតូចដូចកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជានៅគ្រប់ទិសទី បន្តរួមគ្នាជាស្មារតីជាតិតែមួយ រួបរួមសាមគ្គីគ្នាជម្នះរាល់បញ្ហា។ ចំណែកគ្រប់ក្រសួង-ស្ថាប័ន និងគ្រប់វិស័យទាំងអស់ត្រូវបន្តខិតខំដើរទៅមុខ ពោលគឺកាន់តែលំបាក កាន់តែខិតខំ ដើម្បីធ្វើឱ្យនាវាកម្ពុជាបន្តដំណើរឆ្ពោះទៅមុខជានិច្ច។ សម្ដេចធិបតីសង្កត់ធ្ងន់ថា មានតែស្មារតីស្នេហាជាតិ និងសាមគ្គីឯកភាពជាតិប៉ុណ្ណោះ អាចធ្វើជាខែលការពារប្រទេសជាតិយើងដ៏រឹងមាំបំផុត ហើយការបន្តរួបរួមគ្នាជាធ្លុងមួយប្រកបដោយភាពអត់ធ្មត់ មានវិន័យ និងទំនុកចិត្ត គឺជាកម្លាំងតស៊ូដ៏ខ្លាំងក្លា ធ្វើឱ្យប្រទេសជាតិយើងអាចក្រោកឈរឡើងកាន់តែខ្ពស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត