សម្ដេចធិបតី អំពាវនាវឱ្យពលរដ្ឋបន្តគាំទ្រផលិតផលខ្មែរ អ្នកផលិតត្រូវបន្តវិនិយោគ និងកែលម្អគុណភាព
S
Soriya Sou
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន» សូមប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រ និងជឿជាក់លើផលិតផលខ្មែរ ខណៈអ្នកផលិតត្រូវបន្តវិនិយោគដោយការច្នៃប្រឌិត និងកែលម្អគុណភាព ដើម្បីឆ្លើយតបតម្រូវការអ្នកប្រើប្រាស់។ នេះជាប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦...។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងរយៈពេលជិត១ឆ្នាំកន្លងមកនេះ កម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ក្នុងនោះ មានបញ្ហាវិបត្តិសេដ្ឋកិច្ចសកលផង រួមទាំងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផង ការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ និងកាន់តែប្រុងប្រយ័ត្នខ្ពស់។ យ៉ាងណាក៏ដោយ កាលៈទេសៈនេះ សម្ដេចសង្កេតឃើញ មនសិកាជាតិនិយមដ៏ឧត្តុង្គឧត្តមរបស់បងប្អូនជនរួមឈាមខ្មែរទាំងអស់ បង្ហាញឱ្យឃើញនូវសាមគ្គីភាពជាតិមួយរឹងមាំដូចដែកថែប រវាងប្រជាជននិងប្រជាជន ប្រជាជននិងរាជរដ្ឋាភិបាល ប្រជាជននិងកងទ័ព។ លើសពីនេះ ការលើកកម្ពស់ផលិតផលខ្មែរ បានក្លាយជាការងារដែលកាន់តែមានន័យជាងមុន ព្រោះវាជាការបង្ហាញពីសមត្ថភាពក្នុងការបង្កើតតម្លៃសេដ្ឋកិច្ចជាតិ និងការការពារអធិបតេយ្យភាពសេដ្ឋកិច្ច ក្នុងពេលមានភាពមិនច្បាស់លាស់នៅក្នុងតំបន់។

សម្ដេចធិបតីបញ្ជាក់បន្ថែមថា ផលិតផលក្នុងស្រុកបាននិងកំពុងក្លាយជាផលិតផលដែលមានសក្តានុពលខ្ពស់ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារទូទាំងប្រទេស ហើយបានជំរុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ និងបង្កើនទំនុកចិត្តលើផលិតផលខ្មែរកាន់តែខ្លាំងឡើងជាបន្តបន្ទាប់។ ទោះបីជាយ៉ាងណា សម្ដេចនៅតែអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរដោយជឿជាក់លើគុណភាព និងតម្លៃ ព្រោះការជ្រើសរើស និងគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ សម្រាប់បងប្អូនអ្នកផលិតទាំងអស់ សូមបន្តវិនិយោគលើការច្នៃប្រឌិត, ការកែលម្អគុណភាព និងការបង្កើតផលិតផលថ្មីៗ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ ការបន្តគាំទ្រគោលនយោបាយ និងអន្តរាគមន៍នានា គឺសំដៅពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគទុន។

ដោយឡែក ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ត្រូវបន្តកិច្ចសហការគ្នាជួយពង្រឹងផលិតករខ្មែរ លើកកម្ពស់ផលិតផលខ្មែរបន្តទៅទៀត។ «យុវជនខ្មែរទាំងអស់ ត្រូវធ្វើខ្លួនឱ្យក្លាយជាអ្នកច្នៃប្រឌិតថ្មី អ្នកបង្កើតថ្មី និងជាអ្នកដឹកនាំសេដ្ឋកិច្ចសម័យទំនើប, យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន»។ នេះជាសាររបស់មេដឹកនាំកម្ពុជា ផ្ញើជូនយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។ សម្ដេចអះអាងថា ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូល មិនត្រឹមតែជាការគាំទ្រដល់ផលិតករខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមោទកភាពជាតិ និងការយល់ដឹងពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត