
រដ្ឋធានីសេអ៊ូល៖ ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃទី៦មិថុនាម្សិលមិញនេះ ដែលជាបាតុកម្មឈានចូលថ្ងៃទីពីរជាប់ៗគ្នា ក្នុងបំណងទាមទារឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញ ជុំវិញការជ្រើសរើសអភិបាលក្រុង និងមន្ត្រីរដ្ឋបាលមូលដ្ឋាន...។

រលកបាតុកម្មដ៏ក្ដៅគគុកនេះ បានផ្ទុះឡើងបន្ទាប់ពីមានវិបត្តិខ្វះខាតសន្លឹកឆ្នោតយ៉ាងធ្ងន់ធ្ងរ ដែលបានរារាំងមិនឱ្យប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមួយចំនួន អាចបោះឆ្នោតបាន។ យោងតាមទិន្នន័យពីគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ បានឱ្យដឹងថា មានការិយាល័យបោះឆ្នោតចំនួន៥០កន្លែង (ក្នុងចំណោម១៤៣០០កន្លែងនៅទូទាំងប្រទេស)បានអស់សន្លឹកឆ្នោតសម្រាប់ឱ្យពលរដ្ឋ និងមានការិយាល័យចំនួន២២កន្លែងទៀតត្រូវបានបង្ខំចិត្តផ្អាកការបោះឆ្នោតជាបណ្ដោះអាសន្ន ដោយសារតែការយឺតយ៉ាវក្នុងការដឹកជញ្ជូនសន្លឹកឆ្នោតមកផ្គត់ផ្គង់។ វិបត្តិដ៏ធំនេះ បានបង្ខំឱ្យប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ ត្រូវប្រកាសលាលែងពីតំណែងភ្លាមៗ។

ជុំវិញរឿងអាស្រូវនេះ លោក អូ សេ-ហ៊ុន Oh Se-hoon អភិបាលក្រុងសេអ៊ូល បានថ្លែងការណ៍តាមទូរទស្សន៍ដោយបញ្ជាក់ចំៗថា ការខ្វះខាតសន្លឹកឆ្នោតនេះ ជារឿងដែលមិនអាចអត់ឱនឱ្យបានឡើយ ព្រោះវាជាការរំលោភលើសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។ លោកបានទាមទារឱ្យមានការរំលាយគណៈកម្មាធិការរៀបចំការបោះឆ្នោតចោល និងបើកការស៊ើបអង្កេតជាបន្ទាន់ ពីសំណាក់ព្រះរាជអាជ្ញាពិសេស។

ក្នុងសកម្មភាពបាតុកម្មនោះ ក្រុមបាតុករ រួមទាំងក្រុម Conservative YouTubers ផងនោះ បានបន្តស្រែកច្រៀងបទចម្រៀងជាតិ គ្រវីទង់ជាតិកូរ៉េខាងត្បូង និងបានសម្រុកទៅអង្គុយបិទផ្លូវនៅពីមុខទ្វារចេញចូលពហុកីឡដ្ឋាន ដើម្បីបង្ខាំងទុក និងហាមឃាត់មិនឱ្យមន្ត្រីរៀបចំការបោះឆ្នោតចាកចេញទៅណាឡើយ។ ក្រុមមន្ត្រីបោះឆ្នោតទាំងនោះ បានជាប់គាំងនៅក្នុងពហុកីឡដ្ឋាន តាំងពីព្រឹកថ្ងៃសុក្រមកម៉្លេះ ប៉ុន្តែទីបំផុតត្រូវបានរាយការណ៍ថា បានចាកចេញពីទីតាំងនោះវិញហើយកាលពីថ្ងៃសៅរ៍៕



