ស្ពានអាកាសកូរ៉េខាងត្បូងបាក់ស្រុតទាំងកណ្ដាលថ្ងៃ សង្កត់គ្រឿងចក្រ និងស.ម្លា.ប់មនុស្សម្នាក់
N
Nary Vann
9 ម៉ោងមុន

រដ្ឋធានីស៊េអ៊ូល៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីវេលាម៉ោង២:៣២រសៀលថ្ងៃអង្គារទី២៦ ខែឧសភានេះ (ម៉ោងនៅប្រទេសកូរ៉េ) បន្ទាប់ពីផ្នែកខ្លះនៃស្ពានអាកាស Seosomun កំពុងស្ថិតក្នុងដំណើរការរុះរើ បានបាក់រលំស្រុតចុះមកក្រោម។

ឧប្បត្តិហេតុនេះ បានបណ្ដាលឱ្យរថយន្តគ្រឿងចក្ររុះរើមួយគ្រឿង និងមនុស្សប្រហែល៦នាក់ ត្រូវសង្កត់ជាប់នៅក្រោមគំនរបាក់បែក។ គិតត្រឹមល្ងាចថ្ងៃដដែលនេះ ក្រុមសង្គ្រោះបន្ទាន់ បានទាញយកមនុស្សបាន៤នាក់មកក្រៅ ដោយក្នុងនោះ ម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀត ស្ថិតក្នុងស្ថានភាពគាំងបេះដូង ខណៈមនុស្ស២នាក់ផ្សេងទៀត ត្រូវបានគេជឿថា កំពុងបន្តជាប់នៅក្រោមនោះនៅឡើយ។ ភ្លាមៗ..ក្រោយកើតហេតុ អាជ្ញាធរពន្លត់អគ្គិភ័យ ​បានប្រកាសអាសន្នកម្រិតទី១ ដោយដាក់ពង្រាយកម្លាំងជំនាញ៦២នាក់, រថយន្តសង្គ្រោះ និងរថយន្តប៉ូលិសជាច្រើនគ្រឿង ដើម្បីជួយសង្គ្រោះជនរងគ្រោះ។ គ្រោះថ្នាក់បាក់ស្ពាននេះ ក៏បានបង្ខំឱ្យក្រុមហ៊ុនផ្លូវដែក Korail ប្រកាសផ្អាកដំណើរការរថភ្លើងរវាងស្ថានីយ Seoul Station និង Sinchon Station ទាំងស្រុង ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរតាមខ្សែថភ្លើង Gyeongui Line និងសេវាកម្មក្បែរនោះផងដែរ។

ជាមួយគ្នា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក គីម មីន-ស៊ឹក (김민석) បានចេញបញ្ជាបន្ទាន់ឱ្យចល័តកម្លាំង និងឧបករណ៍ទាំងអស់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាអាទិភាពខ្ពស់បំផុត និងដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន។ ដោយសារសោកនាដកម្មនេះ កើតឡើងចំពេលជិតដល់ការបោះឆ្នោតអភិបាលក្រុងសេអ៊ូល នៅថ្ងៃទី៣ ខែមិថុនាខាងមុខ បេក្ខជនឈានមុខទាំងពីររូប គឺលោក ឈុង វ៉ុន-អូ (종원오) មកពីបក្សប្រឆាំង និងលោក អ៊ូ សេ-ហុន (오세훈) មកពីបក្សកាន់អំណាច បានប្រកាសផ្អាកសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់ពួកគេជាបណ្ដោះអាសន្នភ្លាមៗ ដើម្បីធ្វើដំណើរចុះទៅពិនិត្យមើលទីតាំងកើតហេតុ និងជំរុញកិច្ចការជួយសង្គ្រោះ។ បច្ចុប្បន្ន អាជ្ញាធរកូរ៉េខាងត្បូង កំពុងបន្តប្រតិបត្តិការស្វែងរកមនុស្សដែលសេសសល់ និងបើកការស៊ើបអង្កេតយ៉ាងលម្អិតដើម្បីរកមូលហេតុពិតប្រាកដពីក្រោយការបាក់រលំនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត