
រដ្ឋធានីព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានប្រកាសជាផ្លូវការនៅពីថ្ងៃពុធទី២៧ ខែឧសភានេះថា មេដឹកនាំ លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យផ្ទាល់លើការបាញ់សាកល្បងអាវុធទំនើបៗចម្រុះ រួមមាន៖ មីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រ គ្រាប់រ៉ុកកែតកាំភ្លើងធំ និងមីស៊ីលតម្រង់ទិសកម្រិតច្បាស់លាស់ខ្ពស់ ដែលត្រូវបានរចនាឡើងសម្រាប់យុទ្ធសាស្ត្រសង្គ្រាមសម័យទំនើប។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពកូរ៉េខាងត្បូងរកឃើញការបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់ ពីសំណាក់ភាគីខាងជើង កាលពីថ្ងៃអង្គារម្សិលមិញ...។

យោងតាមរបាយការណ៍មន្ត្រីកូរ៉េខាងជើងបានឱ្យដឹងថា ការធ្វើតេស្តនេះ បានផ្តោតសំខាន់លើការវាយតម្លៃក្បាលគ្រាប់បេសកកម្មពិសេសលើមីស៊ីលបាលីស្ទីក, ភាពជាក់លាក់នៃមីស៊ីលរយៈចម្ងាយឆ្ងាយ និងជាពិសេស គឺភាពត្រឹមត្រូវនៃមីស៊ីលតម្រង់ទិសយុទ្ធសាស្ត្រ បញ្ជាដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត។ លោក គីម ជុងអ៊ុន បញ្ជាក់ថា អាវុធដែលបំពាក់បច្ចេកវិទ្យា AI និងប្រព័ន្ធរុករកច្បាស់លាស់ទាំងនេះ មានសមត្ថភាពអាចកម្ទេចគោលដៅក្នុងចម្ងាយ១០០គីឡូម៉ែត្រ ហើយវានឹងត្រូវយកទៅពង្រាយនៅតាមអង្គភាពកាំភ្លើងធំនៅក្បែរព្រំដែន។ ចម្ងាយ១០០គីឡូម៉ែត្រនេះ គឺអាចវាយលុកដល់ចំកណ្តាលរដ្ឋធានីសេអ៊ូល ដែលជាបេះដូងរបស់កូរ៉េខាងត្បូងយ៉ាងងាយស្រួល ស្របពេលរដ្ឋធានីព្យុងយ៉ាងបានប្រកាសចាត់ទុកកូរ៉េខាងត្បូងជាសត្រូវរបស់ខ្លួន។

ក្រុមអ្នកវិភាគបានកត់សម្គាល់ថា ការអភិវឌ្ឍអាវុធបានយ៉ាងលឿន និងទំនើបកម្មប្រព័ន្ធបាញ់បង្ហោះស្វ័យប្រវត្តិនេះ អាចកើតឡើងដោយសារតែកូរ៉េខាងជើងផ្គត់ផ្គង់មីស៊ីលបាលីស្ទីក និងមីស៊ីលកាំភ្លើងធំទៅឱ្យប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន តាំងពីចុងឆ្នាំ២០២៣មក។ ការយកអាវុធទៅប្រើប្រាស់ក្នុងសមរភូមិពិតៗនៅអ៊ុយក្រែននេះ ត្រូវបានគេជឿថា បានផ្តល់នូវទិន្នន័យសមរភូមិត្រឡប់មកឱ្យរដ្ឋធានីព្យុងយ៉ាងវិញ ដើម្បីយកមកកែច្នៃ និងពង្រឹងសមត្ថភាពអាវុធរបស់ខ្លួនឱ្យកាន់តែសាហាវបែបនេះ៕



