
រដ្ឋធានីសេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសជាផ្លូវការថា កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាពន្លឿនល្បឿននៃការចរចា ជុំវិញផែនការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បន្ទាប់ពីប្រទេសទាំងពីរបានបញ្ចប់កិច្ចពិភាក្សាថ្នាក់ជំនាញជាលើកដំបូងនៅក្នុងសប្តាហ៍នេះ...។

កិច្ចប្រជុំរយៈពេល២ថ្ងៃ បានធ្វើឡើងនៅរដ្ឋធានីសេអ៊ូល ដើម្បីបើកផ្លូវដោះស្រាយបន្តលើកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ដែលត្រូវបានកំណត់នៅក្នុងឯកសាររួម ក្រោយជំនួបកំពូលកាលពីឆ្នាំ២០២៥ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ។ កិច្ចពិភាក្សាជំហានដំបូង បានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមិថុនា ដោយមានការចូលរួមពីប្រតិភូអន្តរក្រសួងយ៉ាងច្រើនកុះករនៃភាគីទាំងសងខាង រួមមាន៖ ក្រុមប្រឹក្សាសន្តិសុខជាតិ, ក្រសួងការបរទេស, ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក និងក្រសួងការពារជាតិកូរ៉េ, ក្រសួងថាមពល និងគណៈកម្មការសុវត្ថិភាពនុយក្លេអ៊ែរជាដើម។

ចំណុចក្ដៅៗដែលត្រូវបានលើកយកមកជជែកដេញដោល គឺផ្តោតជាសំខាន់លើមហិច្ឆតារបស់កូរ៉េខាងត្បូង ក្នុងការចង់បាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរឱ្យកាន់តែទូលំទូលាយ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការចម្រាញ់អ៊ុយរ៉ានីញ៉ូម និងការកែច្នៃឥន្ធនៈប្រើប្រាស់រួចឡើងវិញ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរទ្វារភាគីបច្ចុប្បន្ន។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបច្ចុប្បន្ន ដែលមានសុពលភាពរហូតដល់ឆ្នាំ២០៣៥ គឺតម្រូវឱ្យមានការយល់ព្រមពីសហរដ្ឋអាម៉េរិក ទើបកូរ៉េខាងត្បូងអាចចម្រាញ់អ៊ុយរ៉ានីញ៉ូមកម្រិតទាប (ក្រោម ២០ភាគរយ) ហើយកិច្ចព្រមព្រៀងនេះ ក៏បានហាមឃាត់ដាច់ខាតនូវការកែច្នៃឥន្ធនៈប្រើប្រាស់រួចផងដែរ។

ជាលទ្ធផលនៃការចរចាជុំដំបូងនេះ ទាំងក្រសួងការបរទេសកូរ៉េខាងត្បូង និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានចេញសេចក្ដីថ្លែងការណ៍ស្រដៀងគ្នា ដោយបានព្រមព្រៀងគ្នាបង្កើតយន្តការមួយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពពេញមួយឆ្នាំ និងពន្លឿនការចរចានៅពេលអនាគត ដើម្បីសម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែងឱ្យបានឆាប់បំផុត។ យោងតាមរបាយការណ៍នៅក្នុងស្រុក ប្រទេសទាំងពីរ បានពិភាក្សាពីកាលវិភាគរួចរាល់ហើយ ដោយការចរចាជុំទីពីររំពឹងថា នឹងត្រូវធ្វើឡើងយ៉ាងឆាប់បំផុតនៅក្នុងខែកក្កដាខាងមុខនេះ៕



