គ្រាប់បែកសល់ពីសម័យសង្គ្រាមលោកលើកទី២ ផ្ទុះកម្ទេចផ្ទះអ្នកនេសាទ៩ខ្នង ផ្តា.ច់ជីវិតមនុស្ស៥នាក់នៅឥណ្ឌូណេស៊ី
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ អាជ្ញាធរប៉ូលិសឥណ្ឌូណេស៊ី បានប្រកាសនៅថ្ងៃទី១មិថុនានេះថា ហេតុការណ៍ផ្ទុះដ៏រន្ធត់មួយ ដែលសង្ស័យថា បង្កឡើងដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សល់ពីសម័យសង្គ្រាមលោកលើកទី២ កើតឡើងនៅក្រោមផ្ទះមួយខ្នង នៅក្នុងភូមិអ្នកនេសាទនៃតំបន់ប៉ាពួ Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បណ្ដាលឱ្យមនុស្ស៥នាក់បាត់បង់ជីវិត និងមនុស្សជិត២០នាក់ផ្សេងទៀតរងរបួស...

ឧប្បត្តិហេតុនេះ កើតឡើងកាលពីរសៀលថ្ងៃអាទិត្យទី៣១ឧសភា ដោយកម្លាំងផ្ទុះដ៏ខ្លាំងក្លាមួយ បានបង្កជាសំឡេងលាន់ឮគ្រហឹមដូចរន្ទះ បង្កើតជាដុំភ្លើងដ៏ធំ និងហុយផ្សែងខ្មៅឃ្មូលឡើងលើមេឃ និងបានបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋអស់ចំនួន៩ខ្នង។ អ្នកនាំពាក្យប៉ូលិសតំបន់ប៉ាពួ Papua ប្រកាសថា ប្រភពនៃការផ្ទុះនេះ ត្រូវបានសង្ស័យយ៉ាងខ្លាំងថា ជាគ្រាប់បែក ឬគ្រាប់កាំភ្លើងត្បាល់បន្សល់ទុកតាំងពីសម័យសង្គ្រាមលោកលើកទីពីរមកម្ល៉េះ។ បច្ចុប្បន្ន អាជ្ញាធរកំពុងកត់ត្រាទុកហេតុការណ៍ដ៏រន្ធត់នេះ ខណៈមានមនុស្សចំនួន៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ចំណែកបំណែកសាកសពមួយចំនួន ដែលប្រមូលបាននៅទីតាំងកើតហេតុ មិនទាន់អាចធ្វើការកំណត់អត្តសញ្ញាណបាននៅឡើយទេ ចំណែកឯអ្នករងរបួសស្រាលចំនួន១៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

រូបភាពតំណាង
រូបភាពតំណាង

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ធ្លាប់ជាសមរភូមិប្រយុទ្ធដ៏ធំ និងក្ដៅគគុកមួយអំឡុងពេលសង្គ្រាមលោកលើកទី២ នៅពេលកងទ័ពជប៉ុនបានចូលមកវាយលុកកាន់កាប់ទឹកដី ដែលកាលណោះជាដែនដីអាណានិគមឥណ្ឌូណេស៊ីរបស់ហូឡង់ ហើយកងទ័ពសម្ព័ន្ធមិត្តបានព្យាយាមវាយបក ដណ្តើមការគ្រប់គ្រងមកវិញ។ កត្តានេះ បានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនកប់ក្នុងដី ដែលជារឿយៗតែងបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋស្លូតត្រង់។ ជាក់ស្ដែង ដូចកាលពីឆ្នាំមុន ក៏ធ្លាប់មានពលរដ្ឋស៊ីវិល៩នាក់បាត់បង់ជីវិតក្នុងចំណោមមនុស្ស១៣នាក់ នៅក្នុងខេត្តជ្វាភាគខាងលិច ដោយការផ្ទុះអំឡុងពេលកងទ័ពឥណ្ឌូណេស៊ី ព្យាយាមកម្ទេចគ្រាប់រំសេវចាស់ៗ៕

រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត