
រាជធានីភ្នំពេញ៖ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា៣ឈុត រួមមានៈ ក្រុមឈុតធំ, ក្រុមយុវជនអាយុក្រោម១៩ឆ្នាំ និងក្រុមគោព្រៃនារីកម្ពុជា បានឈ្នះគូប្រកួតដោយរកគ្រាប់បាល់បានច្រើន និងរក្សាសំណាញ់ទីមិនឱ្យដៃគូស៊ុតបញ្ចូលទីក្រុមខ្លួន(Clean Seat)បានថែមទៀតផង...។

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ(U19) បានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន អាយុក្រោម១៩ឆ្នាំ(U19) នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានឆ្នាំ២០២៦ (ASEAN U19 BOY'S CHAMPIONSHIP 2026) ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Madya 1 Stadium ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ។ ៣គ្រាប់របស់ក្រុមគោព្រៃកម្ពុជា រកបានដោយកីឡាករ សិត មហាមេធ សូឡេស នៅនាទី០៣' និងនាទី១៣' ពោលគឺរកបានពីរគ្រាប់ម្នាក់ឯង ត្រឹមតែរយៈពេលប្រកួតបាន១៣នាទីប៉ុណ្ណោះ។ ចំណែកគ្រាប់ទី៣រកបានដោយកីឡាករ ស៊ីថា ម៉ាធីវ នៅនាទី៣៩' ខណៈលទ្ធផល ៣-០ នេះ បានបន្តរហូតដល់ចប់ការប្រកួត ទោះបីក្រុមគោព្រៃវ័យជំទង់កម្ពុជាព្យាយាមដាក់សម្ពាធទៅលើក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន ច្រើនលើកច្រើនសាក៏ដោយ។

ចំណែក ក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃនារីកម្ពុជាវិញ ក៏មិនធម្មតាដែរ ពោលគឺបានយកឈ្នះលើក្រុមជម្រើសជាតិនារីសិង្ហបុរី ៥-០ នាការប្រកួតមិត្តភាពអន្តរជាតិនៅកីឡដ្ឋាន ARCAMANIK ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី០៦មិថុនា ឆ្នាំ២០២៦ ដូចគ្នា។ រីឯការប្រកួតបន្ទាប់របស់ក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃនារីកម្ពុជា ត្រូវជួបកីឡាការិនីម្ចាស់ផ្ទះ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ចំថ្ងៃក្រុមគោព្រៃឈុតធំ ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសហុងកុងនៃប្រទេសចិន ផងដែរ។ សូមជម្រាបថា ក្រុមជម្រើសជាតិគោព្រៃកម្ពុជាឈុតធំ បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន ក្នុងលទ្ធផល ៤-០ កាលពីយប់ថ្ងៃទី៤មិថុនា បន្តកំណត់ត្រាមិនចាញ់ក្រុមបាល់ទាត់មកពីតំបន់អាស៊ីខាងត្បូងមួយនេះឡើយ..៕




