តុលាការខេត្តព្រះសីហនុ សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធការរត់ពន្ធថ្នាំញៀន១តោន
ហាក់ អ៊ីឌី
7 ម៉ោងមុន

ក្រុងព្រះសីហនុ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៣នាក់ ក្នុងចំណោម១១នាក់ត្រូវបានតុលាការខេត្តព្រះសីហនុ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្នុងសំណុំរឿងជួយដូរថ្នាំញៀនចំនួន១តោន និងសម្អាតប្រាក់ ដែលបានប្រព្រឹត្តិនៅខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦...។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កាលពីពេលកន្លងទៅ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ទាក់ទិននឹងបទល្មើសដឹកជញ្ចូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ រហូតឈានដល់ការចាប់ខ្លួនជនល្មើស៣នាក់រួមមាន៖ ទី១.ឈ្មោះ ចាន់ ស្រីមុំ, ទី២.ឈ្មោះ ស៊ឹម លាងហ៊ី ហៅ ភុង, និងទី៣.ឈ្មោះ កែវ សុខរិទ្ធ ខណៈមនុស្ស៨នាក់ផ្សេងទៀត ដែលមានទាំងជនជាតិចិន និងខ្មែរ កំពុងគេចខ្លួនពីសំណាញច្បាប់។ 

គួរបញ្ជាក់ផងដែរថា កាលពីកំលុងខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសហរដ្ឋអាម៉េរិក (DEA) បានចុះបង្ក្រាបជាច្រើនគោលដៅ និងឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់នៅតាមចំណុចគោលដៅរហូតដល់១១ទីតាំងផ្សេងគ្នា ក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយអាជ្ញាធរបានធ្វើការដកហូតនូវគ្រឿងញៀន ទម្ងន់សរុបជាង១០០០គីឡូក្រាម និងចាប់យកវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្ន ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកដែលកំពុងគេចខ្លួន ចៅក្រមស៊ើបសួរ កំពុងបន្តចំណាត់ការនីតិវិធីច្បាប់ជាធរមាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត