មានកូនក្រកខ្មែរចេះនិយាយចិនឬ..? ហ្គេមបាញ់ត្រីខ្នាតធំមួយនៅខណ្ឌចំការមន បើកយ៉ាងរលូនរាប់ឆ្នាំ ដល់សមត្ថកិច្ចចុះចាប់បិទទ្វាររត់អស់
ហាក់ អ៊ីឌី
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខ្នាតធំមួយកន្លែង មានថៅកែជាជនជាតិចិន បាននិងកំពុងបើកដំណើរយ៉ាងរលូន រង់ចាំទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងពេលរាត្រីមកលេងកម្សាន្តអារម្មណ៍យ៉ាងរំភើយ ស្ថិតនៅខាងក្រោយស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ...។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ បានផ្តល់ព័ត៌មានមកកាន់អង្គភាពសារព័ត៌មាន SBM News កាលពីថ្ងៃទី៤មិថុនា ហើយត្រូវបានការីនិពន្ធព័ត៌មានយើងចុះទៅត្រួតពិនិត្យ ស្រាវជ្រាវព័ត៌មានបន្ថែមនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នេះ គឺទីតាំងដែលមានយីហោទីក្រុងកម្សាន្ត ស៊ីង ឡុង ពិតជាបានបើកដំណើរការហ្គេមបាញ់ត្រីខ្នាតធំ ប្រាកដមែន ហើយបើតាមប្រជាពលរដ្ឋនៅតំបន់នោះទម្លាយឱ្យដឹង ទីតាំងខាងលើបានបើកដំណើរការជាយូរមកហើយ ពោលគឺបើកតែពេលយប់ប៉ុណ្ណោះ ដោយបង្កប់នូវប្រភេទទូរហ្គេមបាញ់ត្រីជាច្រើនគ្រឿង ម៉ាស៊ីនស្លុត ដោយមានឆ្មាំរយាមកាមយ៉ាងតឹងរុឹងបំផុត និងបើកទទួលតែភ្ញៀវជនជាតិបរទេសប៉ុណ្ណោះ សម្រាប់ភ្ញៀវខ្មែរមិនត្រូវបានអនុញ្ញាតឱ្យចូលទេ តែបើចូលបានក៏មានតែជនជាតិមកធានា ទើបឆ្មាំខ្មែរដែលយាមការពារទីតាំងនោះឱ្យចូល។ 

ទោះយ៉ាងណា ជុំវិញករណីនេះ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺពី លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន តាមប្រព័ន្ធតេលេក្រាមនៅព្រឹកថ្ងៃដដែលនេះដែរ ដោយបញ្ជាក់យ៉ាងខ្លីថា ពាក់ព័ន្ធដំណឹងខាងលើ លោកទទួលបានហើយ ពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ ម្ចាស់បនល្បែងហាក់ដឹងខ្លួនមុន ​ព្រមទាំងបានបិទទ្វារចាក់សោបាត់ហើយ។ យ៉ាងណា មហាជនបានសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វី..ម្ចាស់ទីតាំងប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់នេះ ដឹងខ្លួនក៏អីលឿនម៉្លេះ ឬមួយមានកូនក្រកខ្មែរចេះនិយាយចិនណាមួយ ហោះទៅខ្សឹបប្រាប់ដំណឹងជាមុនដឹង បានជាសមត្ថកិច្ចទៅមិនទាន់ដល់ផង ក៏នាំគ្នាបិទទ្វារគេចខ្លួនបាត់ស្រមោលអស់យ៉ាងនេះ? តើអាជ្ញាធរយើងពិតជាបានមិនដឹងទេថា ទីតាំងនោះបើកដំណើរការល្បែងហ្គេមខុសច្បាប់យ៉ាងរលូននាពេលកន្លងមក?...៕ 

លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំំការមន 
លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំំការមន 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត