កម្ពុជារកចំណូលបានជាង៣២៧លានដុល្លារ ពីការនាំចេញអង្កររយៈពេល៥ខែដើមឆ្នាំ២០២៦
អុន សម្ផស្ស
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៦ កម្ពុជាអាចរកចំណូលបានរហូតដល់ជាង៣២៧លានដុល្លារអាម៉េរិក ពីការនាំចេញអង្ករទៅកាន់ទីផ្សារជាច្រើន ជាពិសេស អឺរ៉ុប ចិន និងអាស៊ាន។ នេះបើយោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦...។

តាមរបាយការណ៍ អង្ករសរុបជាង៥៦ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់៦៣ប្រទេស និងតំបន់ ដោយក្រុមហ៊ុននាំចេញអង្ករ៦១ក្រុមហ៊ុន។ ក្នុងនោះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបចំនួន៣១ប្រទេស មានបរិមាណជាង១៥ម៉ឺនតោន គិតជាទឹកប្រាក់ស្មើនឹង១០៥,១២លានដុល្លារ។ ចំណែកទីផ្សារ ចិន និងហុងកុង ស្រូបទាញបានទឹកប្រាក់៩៤,៩២លានដុល្លារ។ ដោយឡែក ចំពោះការនាំចេញទៅកាន់បណ្តាប្រទេសសមាជិកអាស៊ានចំនួន៥វិញ សម្រេចបានបរិមាណជាង២០ម៉ឺនតោន គិតជាទឹកប្រាក់ជាង៨៧លានដុល្លារ ខណៈទីផ្សារ២៤ប្រទេសផ្សេងទៀតក្នុងទំហំជាង៤ម៉ឺនតោនក្នុងនោះមានទៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី និងញូវហ្សេឡែន។

សហព័ន្ធស្រូវអង្ករគូសរំលេចថា៖«អង្ករក្រអូបនៅតែមានសមាមាត្រនាំចេញបានច្រើនជាងគេ ដោយស្មើនឹង៥៩,២០ភាគរយ នៃបរិមាណនាំចេញសរុប»។ បន្ទាប់មកអង្ករ«ស» គ្រាប់វែងជាង២២ភាគរយ, អង្ករបាក់គ្រប់ប្រភេទជាង១៥ភាគរយ, អង្ករចំហុយ និងអង្ករសរីរាង្គក្នុងទំហំជាង១ភាគរយដូចគ្នា ក្រៅពីនោះ អង្ករផ្សេងៗ០.១៨ភាគរយ។ ក្រៅតែពីការនាំចេញអង្ករនេះ ក្នុងរយៈពេលដូចគ្នា កម្ពុជាក៏បាននាំចេញស្រូវសើមជាង២លានតោន ក្នុងទំហំទឹកប្រាក់ប្រមាណ៥៩១,៤១លានដុល្លារអាម៉េរិកដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត