
រាជធានីភ្នំពេញ៖ សត្វព្រៃសំខាន់ៗប្រមាណជិត៥០ប្រភេទ ត្រូវបានអ្នកជំនាញរកឃើញនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង នាភាគខាងជើងប្រទេសកម្ពុជា…។

ក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ថា លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន, អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI), និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន៤៧ប្រភេទ រួមមាន៖ ថនិកសត្វ២៦ប្រភេទ បក្សី១៨ប្រភេទ និងសត្វល្មូន៣ប្រភេទ។ ក្នុងចំណោមនោះ មានថនិកសត្វចំនួន៧ប្រភេទ ស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះ គឺពុំដែលត្រូវបានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។

បើតាមមន្ត្រីក្រសួងបរិស្ថាន សត្វព្រៃទាំង៧ប្រភេទដែលស្ថិតក្នុងក្រុមរងការគំរាមកំហែងនៃការផុតពូជ រួមមាន៖ សត្វទន្សោង, សត្វពង្រូល, សត្វស្វាកន្ទុយ-សជើងក្រហម, សត្វទោចថ្ពាល់លឿងឦសាន, សត្វកែះ, សត្វខ្លាឃ្មុំតូច និងសត្វខ្លាពពក។ លទ្ធផលនៃការរកឃើញសត្វព្រៃជិត៥០ប្រភេទនេះ បានឆ្លុះបញ្ចាំងពីសារសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្ត្របានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។

មន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងបន្ថែមថា ក្នុងការស្រាវជ្រាវ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ទោះបីជាតំបន់សិក្សានេះមានសារសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត។ យ៉ាងណាក៏ដោយ កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។ ថ្ងៃទី៦មិថុនានេះ ជាទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដូច្នេះ សូមចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់៕





