បន្ធូរកម្ដៅការទូត៖ យោធាអាម៉េរិក និងចិន បើកកិច្ចចរចាសន្តិសុខផ្លូវទឹក និងផ្លូវអាកាសនៅកោះហាវ៉ៃ
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពសហរដ្ឋអាម៉េរិក និងកងទ័ពរំដោះប្រជាជនចិន បានរួមគ្នាប្រកាសពីជោគជ័យនៃការរៀបចំកិច្ចចរចាក្រុមការងារយន្តការពិគ្រោះយោបល់យោធាសមុទ្ទ (MMCA) រយៈពេលពីរថ្ងៃនៅរដ្ឋហាវ៉ៃ។ នេះគឺជាជំនួបទំនាក់ទំនងយោធាផ្លូវការដំបូងបង្អស់ រវាងមហាអំណាចគូប្រជែងទាំងពីរ ចាប់តាំងពីជំនួបកំពូលរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នៅរដ្ឋធានីប៉េកាំង កាលពីខែមុន...។

នៅក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកចិន បញ្ជាក់ថា ភាគីទាំងពីរបានផ្លាស់ប្ដូរមតិគ្នាយ៉ាងត្រង់ទៅត្រង់មក និងក្នុងន័យស្ថាបនា ផ្អែកលើគោលការណ៍សមភាព និងការគោរពគ្នា។ នៅក្នុងជំនួបនោះ យោធាទាំងសងខាងបានធ្វើការវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើការអនុវត្ត«ច្បាប់ស្តីពីឥរិយាបថដើម្បីសុវត្ថិភាពនៃការប្រឈមមុខគ្នាតាមផ្លូវអាកាស និងផ្លូវទឹក» ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០២៥កន្លងទៅ ព្រមទាំងបានជជែកវែកញែកពីវិធានការនានា ដើម្បីបង្កើនសុវត្ថិភាពបន្ថែមទៀត។ មហាអំណាចទាំងពីរបានឯកភាពគ្នាថា ការរក្សាទំនាក់ទំនង និងការផ្លាស់ប្ដូរមតិប្រកបដោយប្រសិទ្ធភាពរវាងកងទ័ពទាំងពីរ ពិតជាមានសារសំខាន់ណាស់ក្នុងការជួយឱ្យកងទ័ពជួរមុខអាចបំពេញភារកិច្ចបានយ៉ាងមានវិជ្ជាជីវៈ ជួយពង្រឹងការយល់ដឹងពីគ្នា និងជៀសវាងការយល់ច្រឡំ ឬការវាយតម្លៃខុស ដែលអាចនាំឱ្យផ្ទុះអាវុធដាក់គ្នាដោយអចេតនា

ទន្ទឹមនោះ កងទ័ពចិន បានគូសបញ្ជាក់ជំហរដែករបស់ខ្លួនជាថ្មីម្ដងទៀតថា ចិនប្រឆាំងដាច់ខាត ចំពោះរាល់សកម្មភាពទាំងហ្លាយណាដែលប៉ុនប៉ងបំផ្លាញអធិបតេយ្យភាព និងសន្តិសុខរបស់ចិន ក្រោមលេស «សេរីភាពនៃការរុករកផ្លូវទឹក និងផ្លូវអាកាស» ហើយចិនក៏មិនអត់ឱនចំពោះការរំលោភបំពាន ការឈ្លបយកការណ៍ពីចម្ងាយ កៀកនឹងដែនដី ឬការធ្វើទុក្ខបុកម្នេញណាមួយមកលើខ្លួនឡើយ។ រដ្ឋធានីប៉េកាំងប្ដេជ្ញាថា នឹងបន្តការពារអធិបតេយ្យភាពដែនដី និងផលប្រយោជន៍សមុទ្ទរបស់ខ្លួនយ៉ាងរឹងមាំបំផុត ខណៈនៅតែបន្តចូលរួមថែរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត