
រាជធានីភ្នំពេញ៖ ការចាប់ឆ្នោតបែងចែកពូលនៃការប្រកួតកីឡាបាល់ទាត់ ជើងឯកក្លឹបអាស៊ីអាគ្នេយ៍រដូវកាល ២០២៦/២០២៧ ឬ (ASEAN Club Championship Shopee Cup) ចេញជាលទ្ធផលហើយ នោះគឺក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងៗក្នុងតំបន់អាស៊ាន...។

ការប្រកាសចាប់ឆ្នោតបែងចែកពូលជាផ្លូវការនេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល B ជាមួយក្រុមកុងអានហាណូយ Cong An HaNoi FC (វៀតណាម), ចូហូរ ដារុល តាហ្ស៊ីម Johor Darul Ta'zim FC (ម៉ាឡេស៊ី), ឡាយអិន ស៊ីធី សៃល័រ Lion City Sailors FC (សិង្ហបុរី), ផត អេហ្វស៊ី Port FC (ថៃ), ភើស៊ីប បានឌុង Persib Bandung FC (ឥណ្ឌូណេស៊ី), ទន្ទឹមនោះ ក្រុមខ្លាំងទាំង៦នេះ កំពុងរង់ចាំក្រុមបាល់ទាត់២ក្រុមទៀត គឺក្រុមសាន យូណៃធីត Shan United FC (ភូមា) និងក្រុមអ៊ីហ្សរ៉ា អេហ្វស៊ី Ezra FC របស់(ឡាវ) ធ្វើការប្រកួតជម្រុះវគ្គ Play Off ដើម្បីរកក្រុមឈ្នះឡើងមកបង្គ្រប់ពូលB។

សូមជម្រាបថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ធ្លាប់ប្រកួតជាមួយក្រុម Cong An HaNoi FC ម្ដង ដោយលទ្ធផលស្មើគ្នា ១-១, ប្រកួតឈ្នះក្រុម Lion City Sailors FC ២-០, ប្រកួតស្មើជាមួយក្រុម Johor ២-២ កាលពីឆ្នាំ២០២៥, ខណៈក្រុម Persib Bandung FC និងក្រុម Port FC មិនធ្លាប់ជួបគ្នាទេ។ យ៉ាងណា សម្រាប់ក្រុម Port FC ធ្លាប់ជួបប្រកួតជាមួយក្រុមជើងឯងរងលីកកំពូលកម្ពុជា ភ្នំពេញក្រោន ដោយទទួលលទ្ធផលស្មើគ្នា ក្នុងជំនួបមិត្តភាព។ យើងរង់ចាំមើលថា តើការប៉ះសុទ្ធតែក្រុមខ្លាំងៗលំដាប់អាស៊ាននេះទាំង៥នេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង អាចឆ្លងផុតពីវគ្គចែកពូលនេះឡើងទៅវគ្គបន្តបានដែរទេ ខណៈបច្ចុប្បន្នក្លិបបានរុះរើកីឡាករបរទេសសំខាន់ៗមួយចំនួន ដើម្បីត្រៀមលេងពានរង្វាន់ដ៏ធំមួយនេះ ក៏ដូចជាពានរង្វាន់កម្រិតអន្តរជាតិដទៃទៀតដូចជា៖ 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗧𝘄𝗼, និង AFC Challenge League ជាដើម។ល។

សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាល២០២៤/២០២៥ និងរដូវកាល២០២៥/២០២៦ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដណ្តើមបានជើងឯករងពានរង្វាន់ 𝗔𝗙𝗖 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗟𝗲𝗮𝗴𝘂𝗲 ២រដូវកាលជាប់គ្នា ដោយរដូវកាល២០២៤/២០២៥ រងបរាជ័យលើទឹកដីខ្លួនឯងកំលុងជួបជាមួយក្រុម FK Arkadag ដោយលទ្ធផលដ៏ស្វិតស្វាញ ១-២ នៅម៉ោងបន្ថែម និងទើបតែបរាជ័យលើទឹកដីគុយវ៉េតថ្មីៗម្ដងទៀត នៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ជាមួយក្រុម Kuwait SC កាលពីថ្ងៃទី១៣ឧសភា ឆ្នាំ២០២៦ ក្នុងលទ្ធផលដ៏តានតឹងបំផុត ៤-៣ ក្នុងម៉ោងបន្ថែម១៥នាទី២ដង៕





