អាជ្ញាធររឹបអូសសាច់ជ្រូកព្រៃ សាច់ឈ្លួស សត្វត្រកួត ពីផ្សារសាមគ្គីក្រុងស្ទឹងត្រែង
SoKeng
20 សីហា 2022 12:00 PM

(ស្ទឹងត្រែង)៖ ក្នុងរយៈពេលពីរថ្ងៃ ពោលចាប់ពីថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ២០២២ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានចុះបង្ក្រាបបទល្មើសជួញដូរលក់សាច់សត្វព្រៃ នៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង ដោយរឹបអូសបានសាច់ជ្រូកព្រៃចំនួន៥គីឡូក្រាម សាច់ឈ្លូសចំនួន១គីឡូក្រាម និងសត្វត្រកួតរស់ចំនួន០៣ក្បាល។

សាច់ជ្រូកព្រៃ និងសាច់ឈ្លូសសរុបចំនួន៦គីឡូក្រាម ក្រោយពីបង្រ្កាបបាន មន្ត្រីជំនាញបានយកទៅដុតកម្ទេចចោល។ ដោយឡែកសត្វត្រកួតរស់ចំនួន៣ក្បាល ត្រូវបានយកទៅលែងនៅស្រុកសេសាន ខេត្តស្ទឹងត្រែងដោយមានការចូលរួមពីឯកឧត្តម ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង នុងដោយមានការចូលរួមពីមន្រ្តីឧទ្យានុរក្សផងដែរ។

ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃ និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ។ អ្នកដែលប្រព្រឹត្តល្មើស នឹងត្រូវប្រឈមមុខច្បាប់។ ជាពិសេសអំពាវនាវឲ្យពលរដ្ឋ​បញ្ឈប់​ការ​បរិភោគ​សាច់​សត្វ​ព្រៃ ​និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​ផលិត​ផល​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ ដោយត្រូវនិយាយថា«ទេ»​ចំពោះ​សាច់​សត្វ​ព្រៃ​ ហើយ​សូម​ចូល​រួម​ក្នុង​ការការ​ពារ​និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា​ឱ្យ​ស្ថិត​នៅ​គង់​វង្ស​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត​។

តាមមាត្រា៤៩ នៃច្បាប់ស្តីព្រៃឈើ បានឱ្យដឹងថា​ការយាយី ឬបំផ្លិចបំផ្លាញដល់ប្រភេទសត្វ​ និងជម្រករបស់សត្វ , ការបរបាញ់ ទាក់ចាប់ ដាក់អង្គុប បំពុល, ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ,ការដឹកជញ្ជូន,​ការធ្វើពាណិជ្ជកម្ម និងការនាំចេញ នាំចូល គឺជាទង្វើដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានបានហាមឃាត់។​

ដោយ​ឡែក​ ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​មាត្រា ៥៩ ត្រង់​ចំណុច​កថាខណ្ឌ​ទី៥​ បានបញ្ជាក់​ថា​ ការ​ជួញដូរ​សត្វព្រៃ ធ្វើ​សំណាក​សត្វ​ព្រៃ និង​ការ​ចិញ្ចឹម​សត្វ​ព្រៃ​គ្រប់​ប្រភេទ ត្រូវ​ទទួល​ការ​ពិន័យ​លុយ​ចាប់​ពី ១លាន ដល់ ១០លាន​រៀល។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​មាន​តម្លៃ​ទ្វេដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត