អាជ្ញាធរ​ជាតិ​អប្សរា ​​បង្ហាញការព្រួយបារម្ភពីសកម្មភាព​លួច​ដាក់​អន្ទាក់​​ និងបរ​បា.ញ់សត្វព្រៃ​ ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ
S
Sreyleak Yith
16 ម៉ោងមុន

ក្រុងសៀមរាប៖ ការ​លប​លួច​បរ​បាញ់ និង​ដាក់​អន្ទាក់​សត្វព្រៃ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ បន្តកើតមាន គ្រាន់តែសកម្មភាពនេះតិច​តួចជាងមុន តែទោះជាយ៉ាងណា មន្រ្តីអាជ្ញាធរ​ជាតិ​អប្សរា នៅថ្ងៃ២៩ឧសភានេះ បានចេញមកបង្ហាញពីក្តីបារម្ភ​​ ចំពោះសកម្មភាពលួចដាក់អន្ទាក់ និង​បរ​បាញ់ដែលបាននិងកំពុងកើតមាននាពេលនេះ...។​

អន្ទាក់​ដាក់សត្វរកឃើញ​នៅក្នុង​ព្រៃ​តំបន់អង្គរ
អន្ទាក់​ដាក់សត្វរកឃើញ​នៅក្នុង​ព្រៃ​តំបន់អង្គរ

លោក ​ជូរ៉ា ឌីណា ​ អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​-ព្រៃឈើ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា គូសបញ្ជាក់ថា ​ការ​ថែរក្សា​សត្វព្រៃ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់ ​សម្រាប់​លើក​តម្លៃសម្បត្តិបេតិកភណ្ឌធម្មជាតិ និង​ជីវចម្រុះក្នុង​តំបន់​អង្គរ ​ពោល គឺ​នៅ​ពេល​ដែល​អ្នក​ទេសចរ​មក​ទស្សនា​កម្សាន្តប្រាង្គប្រាសាទអង្គរ ពួកគេ​អាចមើលឃើញ​ប្រាសាទ​បុរាណ​ផង ​និង​បាន​ឃើញ​សត្វ​ព្រៃផង ដែលនេះ​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​ធម្មជាតិនៅប្រទេសកម្ពុជា​។ លោក​បង្ហាញ​ពីការព្រួយបារម្ភជាខ្លាំង ចំពោះសត្វព្រៃនៅតំបន់​រមណីយ​ដ្ឋាន​អង្គរនាពេលបច្ចុប្បន្ន ព្រោះបើទោះបីអាជ្ញាធរ​ជាតិ​អប្សរា ​ខិតខំសហការ​ជាមួយ​អង្គការ​គាំពារ​សត្វព្រៃ​កម្ពុជា ​ស្ថាប័ន​រដ្ឋបាល​ព្រៃ​ឈើ ​និង​នគរបាលការពារ​​បេតិក​ភណ្ឌ​ ​​ឱ្យធ្វើការតាមដាន និងថែរក្សាការពារ​​ជា​ប្រចាំ​យ៉ាងណាក៏ដោយ ក៏សកម្មភាពនៃការលួចដាក់អន្ទាក់របស់ព្រានព្រៃក្នុងតំបន់ នៅតែមាន។

លោក ​ជូរ៉ា ឌីណា​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​-ព្រៃឈើ និង លោក​ Nick Marx ​អ្នក​ជំនាញ​របស់​​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា ​
លោក ​ជូរ៉ា ឌីណា​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​-ព្រៃឈើ និង លោក​ Nick Marx ​អ្នក​ជំនាញ​របស់​​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា ​

ជាមួយគ្នា លោក​ នីក ម៉ាក (Nick Marx) ​អ្នក​ជំនាញ​របស់​​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា ​(CWC) ​និង​ជា​ទីប្រឹក្សា​ផ្នែក​ជីវ​ចម្រុះ​​របស់​អាជ្ញាធរជាតិអប្សរា ​ បានឱ្យដឹង​ថា សត្វ​ព្រៃ​ មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​នាំ​គ្រាប់​ពូជ​នៃ​ឈើ​នានា ​ឱ្យ​ដុះ​​ក្លាយ​ជា​ធម្មជាតិ​បៃតង​ដ៏​សម្បូរបែបនៅ​ក្នុង​តំបន់រមណីដ្ឋាន​អង្គរ​ និងអាច​ទាក់​ទាញ​អ្នក​ទេសចរ​ជាច្រើន ឱ្យងាកមក​ចាប់​អារម្មណ៍​ចំពោះ​ធម្មជាតិ​​។ ​​ ​​លោក​សូម​​​អំពាវ​នាវ​ដល់​ពល​រដ្ឋ​កម្ពុជា​គ្រប់​រូប ​សូម​រួម​គ្នា​ការពារ​​សត្វព្រៃ និង​ព្រៃ​ឈើ ​នៅ​ក្នុង​តំបន់​អង្គរ​ ឱ្យ​បាន​គង់​វង្ស​។ មួយវិញទៀត ​​កុំ​ឱ្យ​ចំណី​ដល់​សត្វ​ព្រៃ ​ និង​កុំ​ទៅ​រំខាន​ពួកវា​ ទុក​ឱ្យ​សត្វ​ព្រៃ​ទាំង​នោះ ​បាន​រស់​នៅ​ក្នុង​ព្រៃ​តាមបែបធម្មជាតិ និងតាម​ទម្លាប់​។ សូមជម្រាបថា បច្ចុប្បន្ន​នៅក្នុង​ព្រៃ​តំបន់អង្គរ មាន​សត្វរស់​នៅ​ជាច្រើន​ប្រភេទដូ​ចជា៖ សត្វកេងកងតូច, សត្វកេងកងធំ, សត្វស្វាព្រាហ្មណ៍, សត្វភូវាំង, សត្វពង្រូល, សត្វ​ទោច​មកុដ, សត្វឈ្លូស, សំពោចក្រអូប, សត្វឆ្មាដាវ, សត្វក្ងោក, សត្វអន្សង, សត្វភេខ្លួនរលោង, និង​សត្វកាំប្រមា ​ដែលទើបនឹងដោះលែងចូលព្រៃធម្មជាតិ កាលពីថ្មីៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត