ប្រសិនមន្ត្រីកម្ពុជាដែលកាន់ការងារអភិរក្សសត្វព្រៃ ពិតជាបានរកស៊ីរត់ពន្ធសត្វស្វាទៅអាម៉េរិកមែន តើនឹងត្រូវជាប់ពន្ធនាគារប៉ុន្មានឆ្នាំ?
K
Kimhuoy Klaing
18 វិច្ឆិកា 2022 04:45 AM

រាជធានីភ្នំពេញ៖ ថ្មីៗនេះ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា ខណៈក្រសួងកសិកម្មប្តេជ្ញាថា នឹងខិតខំស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួនវិញ។

តាមការប្រកាស កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លើគេហទំព័ររបស់ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក លោក គ្រី ម៉ះផល ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ដោយខុសច្បាប់ទៅសហរដ្ឋអាម៉េរិក។ ក្រៅពីប្រធានរដ្ឋបាលព្រៃឈើរូបនេះ ក៏មាន​​​អគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស និងសមាជិក​​៦​នាក់ផ្សេងទៀត នៃ​​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​​សត្វ​​​ដ៏​ធំមួយ ក៏រងការចោទប្រកាន់ផងដែរ ក្រោយរកឃើញថាមានការជាប់ពាក់ព័ន្ធ​។

ប្រសិនបើមន្ត្រីកម្ពុជា ដែលកាន់ការងារអភិរក្សសត្វព្រៃ​ ពិតជាបានរកស៊ីរត់ពន្ធសត្វស្វាទៅអាម៉េរិកមែន តើនឹងត្រូវជាប់ពន្ធនាគារប៉ុន្មានឆ្នាំ? រីឯអ្នកពាក់ព័ន្ធទាំង៧នាក់ផ្សេងទៀត នឹងរងការផាកពិន័យ និងទោសទណ្ឌយ៉ាងណាដែរ?

យោងតាមសេចក្ដីថ្លែងការណ៍របស់​ការិយាល័យមេធាវីសហរដ្ឋអាម៉េរិក ប្រចាំតំបន់​ភាគខាង​ត្បូង​នៃរដ្ឋ​ផ្លរីដា បានបញ្ជាក់ថា ប្រសិនបើត្រូវបានផ្តន្ទាទោស ជន​ជាប់​ចោទ​ម្នាក់ៗ​អាច​ប្រឈមមុខ​នឹង​ការជាប់ពន្ធនាគារក្នុងរយៈពេលរហូតដល់៥ឆ្នាំ ពីបទសមគំនិត​ចំនួន១ករណី និងជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ ពីបទរត់ពន្ធ​ចំនួន៧​ករណី មិនតែប៉ុណ្ណោះ ក៏អាចមានការផាកពិន័យទាក់ទងនឹងករណីនីមួយៗរហូតដល់ ២៥០០០០ដុល្លារ ឬពីរដងនៃប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុរបស់ចុងចោទ។ ការចោទប្រកាន់ពីបទសមគំនិតនេះ ក្នុងបញ្ជីរបស់សមត្ថកិច្ចអាម៉េរិក បានកត់ត្រាថា​ក្រុមការងាររបស់ជនសង្ស័យ ធ្វើឡើងចំនួន៣១​លើក រួមមានទាំងប្រតិបត្តិការហិរញ្ញវត្ថុ និងការដឹកជញ្ជូន​សត្វស្វារាប់រយក្បាលទៅកាន់ទីតាំងក្នុងរដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ក្រោមការបន្លំឯកសារ ដែលត្រូវបានបញ្ជូនចេញពី​កន្លែង​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ ប្រទេស​កម្ពុជា។

យ៉ាងណាក្ដី ពាក់ព័ន្ធនឹងការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាម៉េរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស)នៅប្រទេសប៉ាណាម៉ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងការហួសចិត្តជាខ្លាំង។

ក្រសួងកសិកម្ម អះអាងថា៖ «ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែងនៅក្នុងអនុសញ្ញាសាយតេស។ វាជារឿងដ៏គួរឱ្យហួសចិត្តជាទីបំផុត ដែលលោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការដើម្បីការពារសត្វ និងរុក្ខជាតិជិតផុតពូជ នៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាម៉េរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ»

យ៉ាងណាមិញ សត្វស្វាក្តាមត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥មកម្ល៉េះ ហើយត្រូវបាននាំចេញសម្រាប់ គោលដៅវេជ្ជសាស្ត្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ ក្រសួងថា សត្វស្វាក្តាមទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ចូនចេញទៅក្រៅប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបាន ការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាបទដ្ឋានអនាម័យ និងវិធីសាស្ដ្រចិញ្ចឹម ត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។

ក្រសួងបានសង្កត់ធ្ងន់ថា សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាម៉េរិកវិញ ក្រុមហ៊ុនដែលប្រកប អាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាម៉េរិក។ ក្រសួងកសិកម្ម បានប្ដេជ្ញាយ៉ាងមុះមុតថា៖ «រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាល កម្ពុជា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត