
អាល្លឺម៉ង់៖ យន្តហោះ Boeing 787 បានបាក់ក្បាលផ្ញុចទៅនឹងដី ពេលកំពុងចតនៅព្រលានយន្តហោះអន្តរជាតិ ក្នុងទីក្រុងហ្វ្រែងហ្វឺត (Frankfurt) ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ។ យន្តហោះខ្នាតធំមួយនេះ ត្រៀមនឹងដឹកអ្នកដំណើរឆ្ពោះទៅកាន់ទីក្រុង ឡូស អេនជេឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។

អាចទុកថាជាសំណាងធំ ដែលអ្នកដំណើរមិនទាន់បានឡើង ហើយការហោះហើរក៏មិនទាន់ចេញដំណើរ តែយន្តហោះ Boeing 787 ក៏បានបាក់ក្បាលជាមុន។ ហើយក៏ជាសំណាងសម្រាប់អ្នកធ្វើដំណើរជើងមុនដែរ ដែលយន្តហោះនេះ ទើបមានបញ្ហា បន្ទាប់ពីបានចុះចតដោយសុវត្ថិភាពរួចជាមុន។

វីដេអូដែលបង្ហោះលើបណ្តាញសង្គម និងផ្សព្វផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន បង្ហាញថា ពេលយន្តហោះបាក់ស្រុត កង់របស់វាប៉ែកខាងមុខ មិនអាចទ្របាននោះទេ គឺបានខ្ទាតចេញ និងបែកបាក់ខ្ទេចខ្ទី។ ក្បាលយន្តហោះ មិនដាច់ចេញពីខ្លួនឡើយ ដោយគ្រាន់តែបាក់ស្រុត ហើយកន្ទុយវាក៏បះឡើងលើ។

មិនទាន់មានសារព័ត៌មានណា ផ្សព្វផ្សាយឡើយថា មានអ្នកដំណើរប៉ុន្មាននាក់ ដែលបានកក់សំបុត្រ ដើម្បីធ្វើដំណើរតាមយន្តហោះ Boeing 787 នេះ ប៉ុន្តែ ជាធម្មតា យន្តហោះនេះ ជាប្រភេទយន្តហោះខ្នាតធំ ដែលអាចដាក់មនុស្សច្រើនជាង២០០នាក់។ សារព័ត៌មាននានា ចុះផ្សាយដូចគ្នាថា មានបុគ្គលិកមួយចំនួន (ប្រហែលបួនប្រាំនាក់) បានរងរបួស ប៉ុន្តែមិនបញ្ជាក់ឱ្យច្បាស់នោះទេថា ពួកគេត្រូវរបួសពេលកំពុងបំពេញការងារនៅខាងក្នុងយន្តហោះ ឬនៅខាងក្រៅ៕



