
រដ្ឋធានីកៀវ៖ យ៉ាងហោចណាស់ មានមនុស្ស១២នាក់បាត់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួស ក្នុងការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ីទៅលើអ៊ុយក្រែន ពេញមួយយប់តែម្តង នៅថ្ងៃទី១ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ។ ក្នុងចំណោមជនរងគ្រោះ ក៏មានកុមារផងដែរ។ សារព័ត៌មាន Al Jazeera បានចុះផ្សាយដោយផ្អែកតាមព័ត៌មានដែលទទួលបានពីកងទ័ពជើងអាកាសអ៊ុយក្រែនថា រុស្ស៊ី បានបាញ់មីស៊ីលដល់ទៅ៧៣គ្រាប់ និងបង្ហោះដ្រូនដល់ទៅ៦៥៦គ្រឿង ទម្លាក់លើអ៊ុយក្រែនជាច្រើនកន្លែង។

ដូចសម្តីរបស់លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ពិតមែន! ការវាយប្រហាររបស់រុស្ស៊ីនេះ គឺកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា រុស្ស៊ី រៀបចំគម្រោងវាយប្រហារដ៏ធំមួយលើអ៊ុយក្រែន។ រដ្ឋាភិបាលអ៊ុយក្រែន បានប្រកូកប្រកាសដល់ប្រជាជនខ្លួនឱ្យបានដឹងអំពីផែនការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ហើយប្រជាជនអ៊ុយក្រែន បាននាំគ្នាសម្ងំលាក់ខ្លួនក្នុងទីតាំងរៀងៗខ្លួន។

«សូមយកចិត្តទុកដាក់លើការប្រកាសអាសន្ន និងការជូនដំណឹងតាមអាកាស...សូមការពារអាយុជីវិតរបស់បងប្អូន...មន្រ្តីអាជ្ញាធររបស់យើង កំពុងដំណើរការ និងបានរៀបចំរួចជាស្រេចចំពោះការជូនដំណឹងនេះ។ កងកម្លាំងការពារដែនអាកាសរបស់យើង នឹងបំពេញភារកិច្ចឃ្លាំមើលសភាពការណ៍២៤ម៉ោងលើ២៤ម៉ោង» នេះជាការប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែនទៅកាន់ប្រជាជនខ្លួន នៅមុនរុស្ស៊ីបើកការវាយប្រហារ។

រុស្ស៊ី បាននិយាយការពារខ្លួនថា ការវាយប្រហារនេះ គឺសំដៅទៅលើតែទីតាំងអភិវឌ្ឍវិស័យយោធាអ៊ុយក្រែនប៉ុណ្ណោះ។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ទីតាំងអ៊ុយក្រែនដែលខ្លួនបានវាយប្រហារ មានដូចជា រដ្ឋធានីកៀវ តំបន់ហ្សាប៉ូរីហ្សៀ (Zaporizhia) តំបន់ខាកៀវ (Kharkiv) តំបន់ឌីនីប្រូផេត្រូហ្វ (Dnipropetrovsk) ទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូន ។ល។

ការវាយប្រហារដ៏ខ្លាំក្លាមហិមារបស់រុស្សី ដែលធ្វើឱ្យរញ្ជួយធរណីក្នុងប្រទេសអ៊ុយក្រែន កើតឡើងចំពេលអាម៉េរិក កំពុងដឹកនាំកសាងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន និងព្យាយាមឆ្ពោះទៅបញ្ចប់សង្គ្រាមរវាងប្រទេសជាប់ព្រំដែនជាមួយគ្នាទាំង២នេះ ដែលផ្ទុះឡើងតាំងពីដើមឆ្នាំ២០២២មក៕



