រដ្ឋមន្រ្តីការបរទេសអាម៉េរិករម្លឹកឡើងវិញ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឹងជួយស្តារបទឈប់បាញ់ឱ្យកម្ពុជា-ថៃដល់ទៅ២ដង
Mao Sopha
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ «ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើរតួយ៉ាងសំខាន់ មិនមែនតែម្តងទេ គឺ២ដង ក្នុងការជួយបង្កើតបទឈប់បាញ់ និងការជំរុញឱ្យបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ» នេះជាការរម្លឹករបស់លោក ម៉ាកូ រ៉ូប៊ីអូ រដ្ឋមន្រ្តីការបរទេសអាម៉េរិក តាមរយៈសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ 

លោក ម៉ាកូ រ៉ូប៊ីអូ
លោក ម៉ាកូ រ៉ូប៊ីអូ

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ម៉ាកូ បានលើកឡើងពីបញ្ហាជាច្រើន ដូចជា សង្គ្រាមរវាងអាម៉េរិកខ្លួនឯងជាមួយអ៊ីរ៉ង់ សង្គ្រាមនៅតំបន់ហ្កាហ្សា និងសង្គ្រាមរវាងប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន ជាដើម ដោយក្នុងនោះ ក៏មានបញ្ហារវាងកម្ពុជា-ថៃផងដែរ។ ចំពោះជម្លោះរវាងកម្ពុជា-ថៃ រដ្ឋមន្រ្តីការបរទេសអាម៉េរិក មិនបាននិយាយអ្វីផ្សេងទៀតឡើយ ក្រៅតែពីការរម្លឹកពីការប្រឹងប្រែងរបស់លោកត្រាំ ក្នុងការជួយស្តារបទឈប់បាញ់ដល់ទៅ២លើក។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក អាន់វ៉ា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងលោក ភូមិថាំ វេជ្យៈឆ័យ កាលនៅធ្វើជានាយករដ្ឋមន្រ្តីថៃស្តីទី ស្ថិតក្នុងពិធីចុះកិច្ចព្រមព្រៀងបង្កើតបទឈប់បាញ់លើកទី១រវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី។ 

យើងរម្លឹកថយក្រោយបន្តិច! បទឈប់បាញ់ទាំង២លើករវាងកម្ពុជា-ថៃ សុទ្ធតែត្រូវបានបង្កើតឡើងនៅប្រទេសម៉ាឡេស៊ី ដោយមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាននាពេលនោះ ជួយសម្របសម្រួល និងមានលោក ដូណាល់ ត្រាំ ជាអ្នកផ្តួចផ្តើមគំនិត។ បទឈប់បាញ់លើកទី១ កើតឡើងនៅអំឡុងខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ហៅថា កិច្ចព្រមព្រៀងសន្តិភាព ឬសេចក្តីថ្លែងការណ៍រួម កើតឡើងនៅអំឡុងខែតុលា ឆ្នាំ២០២៥។ គេច្បាស់ជានៅចាំ សម្រាប់លើកទី២នេះ គឺលោក ត្រាំ បានចូលរួមចុះហត្ថលេខាដោយផ្ទាល់តែម្តង។    

លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្រ្តីថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ស្ថិតក្នុងពិធីចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងលើកទី២ ស្តីពីសន្តិភាពកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។ 

រហូតដល់ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា-ថៃ រួមគ្នាបង្កើតកិច្ចព្រមព្រៀងទ្វេភាគី១បន្ថែមទៀត ស្តីពីការផ្អាកសង្គ្រាម។ ទោះមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដល់ទៅ៣លើកក្តី តែជម្លោះរវាងប្រទេសជាប់ព្រំដែនជាមួយគ្នាទាំង២នេះ នៅតែបន្ដដដែល ដោយគេមើលឃើញថា អ្នកដែលមិនព្រមឈប់ គឺភាគីថៃតែម្តង។ មានភស្តុតាងយ៉ាងច្បាស់ក្រឡែត! រហូតមកដល់បច្ចុប្បន្ននេះ យោធាថៃ នៅតែធ្វើសកម្មភាពរំលោភបំពាន ដូចជា ស្រាស់បន្លាលួស ដាក់ទូកុងតឺនឺ ឈរជើងកាន់កាប់តំបន់នានាតាមព្រំដែនស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ហើយថែមទាំងឧស្សាហ៍បំផ្ទុះអាវុធទៀតផង ខណៈកម្ពុជាប្រឹងបន្តរក្សាភាពស្ងៀមស្ងាត់។

លោក ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ណាត់ថាផុន ណាក់ផានីត កាលនៅជារដ្ឋមន្រ្តីការពារជាតិថៃ ចុះកិច្ចព្រមព្រៀងលើកទី៣ ស្តីពីការផ្អាកសង្គ្រាម។ 
លោក ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ណាត់ថាផុន ណាក់ផានីត កាលនៅជារដ្ឋមន្រ្តីការពារជាតិថៃ ចុះកិច្ចព្រមព្រៀងលើកទី៣ ស្តីពីការផ្អាកសង្គ្រាម។ 

មិនត្រឹមតែប៉ុណ្ណឹងទេ! ថៃព្យាយាមបង្កបញ្ហានៅដែនសមុទ្ទថែមទៀត ដោយសម្រេចចិត្តលុប MoU ២០០១ ធ្វើឱ្យអស់ជម្រើសសម្រាប់ដោះស្រាយទ្វេភាគីជាមួយកម្ពុជា ក្នុងរឿងដែនសមុទ្ទនេះ។ កម្ពុជា គ្មានជម្រើសអ្វីផ្សេងនោះទេ គឺមានតែសម្រេចចិត្តប្រើយន្តការអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាដែនសមុទ្ទនេះ។ ជារួមមក ទាំងបញ្ហាព្រំដែនគោក ទាំងបញ្ហាដែនសមុទ្ទ សុទ្ធតែថៃបង្កឡើងទាំងអស់ ដោយផ្អែកលើភស្តុតាងជាក់ស្តែងដែលបានបង្ហាញខាងលើ៕      

រូបបង្ហាញពីសកម្មភាពរុករករ៉ែក្នុងតំបន់មួយក្នុងដែនសមុទ្ទ។ 
រូបបង្ហាញពីសកម្មភាពរុករករ៉ែក្នុងតំបន់មួយក្នុងដែនសមុទ្ទ។ 
រូបតំណាងពីការឈ្លានពានរបស់យោធាថៃ ហើយយោធាកម្ពុជាការពារខ្លួន។ 
រូបតំណាងពីការឈ្លានពានរបស់យោធាថៃ ហើយយោធាកម្ពុជាការពារខ្លួន។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត