
រដ្ឋធានីប៉េកាំង៖ យន្តហោះចម្បាំង ហ្វូងដ្រូនវាយប្រហារ មីស៊ីល និងនាវាមុជទឹកបំបាំងកាយ កំពុងដើរតួនាទីកាន់តែសំខាន់នៅក្នុងសង្គ្រាមសម័យទំនើប ប៉ុន្តែទោះជាយ៉ាងណា នាវាផ្ទុកយន្តហោះនៅតែជាជានិមិត្តរូបនៃអំណាចយោធាដ៏ខ្លាំងក្លា ដែលបណ្តាប្រទេសនានាត្រូវការ...។

ការណ៍នេះ ស្តែងឱ្យឃើញតាមរយៈការវិនិយោគរបស់ប្រទេសចិន យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើនាវាចម្បាំងខ្នាតយក្សទាំងនេះ ក៏ដូចជាបណ្តាប្រទេសដទៃទៀត រួមមាន៖ បារាំង តួកគី ឥណ្ឌា និងជប៉ុនផងដែរ។ កងនាវាជើងទឹករបស់ចិន បាននិងកំពុងពង្រីកខ្លួនក្នុងល្បឿនយ៉ាងលឿនបំផុត ក្នុងនោះ នាវាផ្ទុកយន្តហោះទី៤របស់ខ្លួន កំពុងលេចចេញជារូបរាងយ៉ាងឆាប់រហ័ស នេះបើយោងតាមរូបភាពចុងក្រោយបង្អស់ពីផ្កាយរណប ក្នុងទីក្រុងដាលៀន(Dalian) ភាគខាងជើងនៃប្រទេសចិន ដែលជាទីតាំងកំពុងសាងសង់នាវាផ្ទុកយន្តហោះនេះ។ រូបភាពទាំងនោះ បង្ហាញថា ផ្នែកក្បាល និងផ្នែកកន្ទុយ នៃនាវាផ្ទុកយន្តហោះប្រភេទ Type 004 ដែលត្រូវបានគេព្យាករថា នឹងដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានសាងសង់រួចរាល់ហើយ។

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) ជាស្ថាប័នស្រាវជ្រាវមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងថា នាវាចម្បាំងខ្នាតយក្សមួយប្រភេទនេះ អាចនឹងមានប្រព័ន្ធឧបករណ៍ជួយជំរុញល្បឿនហោះឡើង នៃយន្តហោះរហូតដល់ទៅ៤កន្លែង និងមានជណ្តើរយន្តខ្នាតធំចំនួន៣ សម្រាប់ចល័តយន្តហោះឡើងចុះពីក្នុងឃ្លាំងក្រោមបាតនាវា មកលើផ្លូវរត់សម្រាប់់ហោះហើរ។ លក្ខណៈពិសេសទាំងនេះ នឹងអនុញ្ញាតឱ្យការហោះឡើងយន្តហោះចម្បាំងកាន់តែលឿន នេះមានន័យថា នាវាផ្ទុកយន្តហោះទី៤របស់ចិន កំពុងខិតកាន់ជិតទៅនឹងសមត្ថភាពនៃនាវាផ្ទុកយន្តហោះដ៏ទំនើបបំផុតរបស់សហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះរវាងសហរដ្ឋអាម៉េរិក ជាមួយអ៊ីរ៉ង់នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា នាវាចម្បាំងខ្នាតធំដែលហែលឆ្លងនៅលើផ្ទៃមហាសមុទ្ទ គឺងាយរងគ្រោះខ្លាំងណាស់ ចំពោះការវាយប្រហារពីសំណាក់ដ្រូនទំនើបៗ និងគ្រាប់មីស៊ីល៕



