
រដ្ឋធានីព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋខាងជើង KCNA បានរាយការណ៍នៅថ្ងៃទី៤មិថុនានេះថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានអំពាវនាវឱ្យមានការពង្រីកឃ្លាំងអាវុធអាតូមរបស់ជាតិក្នុងល្បឿនលឿនបំផុត អំឡុងពេលលោកអញ្ជើញទៅពិនិត្យមើលរោងចក្រផលិតសម្ភារៈនុយក្លេអ៊ែរថ្មីមួយ ដែលទើបតែបើកដំណើរការ។

ក្នុងដំណើរទស្សនកិច្ចនោះ លោក គីម ជុងអ៊ុន បានបង្ហើបថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សមត្ថភាពផលិតសម្ភារៈនុយក្លេអ៊ែរសម្រាប់ធ្វើអាវុធរបស់កូរ៉េខាងជើង បានកើនឡើងរហូតដល់ទៅជាងទ្វេដង បើធៀបនឹងកម្រិតមុន។ លោកបានបញ្ជាឱ្យមន្ត្រីជំនាញបន្តជំរុញការផលិតឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេស។ រូបភាពដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញពីសកម្មភាពលោក គីម ដើរកាត់ជួរឧបករណ៍ដែលមានរាងជាស៊ីឡាំងនៅក្នុងរោងចក្រ ដែលក្រុមអ្នកវិភាគបានសន្និដ្ឋានថា ទីតាំងនេះអាចស្ថិតនៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ យ៉ុងប្យុន (Yongbyon)។ មេដឹកនាំកូរ៉េខាងជើងរូបនេះបានសង្កត់ធ្ងន់ថា ការពង្រីកសមត្ថភាពអាវុធនេះ គឺជារឿងចាំបាច់មិនអាចខ្វះបាន ដោយសារតែការកើនឡើងនៃការគំរាមកំហែងសន្តិសុខ និងការប្រឈមមុខដាក់គ្នារយៈពេលវែងជាមួយ «សត្រូវដ៏សាហាវឃោរឃៅបំផុត»។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់គន្លឹះស្តីពីការបង្រួបបង្រួមកម្លាំងនុយក្លេអ៊ែរដែលបានធ្វើឡើងនៅថ្ងៃដដែលនោះ លោក គីម ជុងអ៊ុន បានដាក់ចេញគោលការណ៍ណែនាំក្នុងការបង្កើនល្បឿននៃការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរទាំងផ្នែកគុណភាព និងបរិមាណ ដោយលោកបានចាត់ទុកព្រឹត្តិការណ៍នេះថាជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាចំណុចរបត់ដ៏សំខាន់បំផុតក្នុងការដំឡើងកម្រិតសមត្ថភាពនុយក្លេអ៊ែររបស់ជាតិ។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានដើរចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ តាំងពីឆ្នាំ១៩៩៣មកម៉្លេះ ហើយគិតមកទល់ពេលនេះ កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន៦ដងរួចមកហើយ ដែលធ្វើឱ្យប្រទេសនេះរងទណ្ឌកម្មជាបន្តបន្ទាប់ពីសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ក្រុមអ្នកជំនាញអន្តរជាតិជឿជាក់ថា បច្ចុប្បន្នកូរ៉េខាងជើងកំពុងមានក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់នៅក្នុងដៃរួចជាស្រេចទៅហើយ៕





