បើអាចយកឈ្នះក្រុមហុងកុងដូចឈ្នះក្រុមប៊ូតាន ក្រុមគោព្រៃកម្ពុជាអាចនឹងថ្ពក់បេះដូងអ្នកគាំទ្រខ្លាំងមកវិញ
អាន ប៊ុនរ័ត្ននៈ
05 មិថុនា 2026 09:30 AM

រាជធានីភ្នំពេញ៖ ជំនួបក្រុមគោព្រៃជម្រើសជាតិកម្ពុជា ជាមួយក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន កាលពីយប់មិញពិតជាជក់ចិត្តខ្លាំងមែនទែន ដោយក្រុមគោព្រៃកម្ពុជាអាចយកឈ្នះក្រុមប៊ូតានរហូតដល់ទៅ ៤-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ វាជាជ័យជម្នះមួយដ៏ត្រចេះត្រចង់ ក្រោយខកខានអស់រយៈពេលជាង៥៣៥ថ្ងៃ ដែលពួកគេរងបរាជ័យ៤ប្រកួតជាប់ៗគ្នា។ យ៉ាងណា ក្រុមគោព្រៃកម្ពុជា សង្ឃឹមថា ពួកគេអាចនឹងថ្ពក់បេះដូងអ្នកគាំទ្របានមកវិញ ប្រសិនបើអាចយកឈ្នះក្រុមជម្រើសជាតិហុងកុងរបស់ប្រទេសចិន នាថ្ងៃទី៩ ខែមិថុនាខាងមុខនេះ...។

កាលពីយប់មិញនេះ ក្រុមអ្នកគាំទ្រកម្ពុជា បានចូលរួម​ទស្សនា​ការប្រកួតផ្ទាល់រវាងកម្ពុជា-ប៊ូតាន មានចំនួន១១០៥៣នាក់ ដែលជាចំនួនមួយច្រើនគួរសម ខណៈកីឡាករ ស រតនា ខ្សែការពារបានរកគ្រាប់បាល់នាំមុខឱ្យក្រុមគោព្រៃកម្ពុជា នៅនាទី៦' តាមរយៈការតែតបញ្ចូលទីបានយ៉ាងល្អ។ បន្ទាប់មក កីឡាករខ្សែ​ប្រយុទ្ធ​ចូល​សញ្ជាតិ​ខ្មែរ​ ឃូលីបាលី បានតែតបន្ថែមគ្រាប់បាល់មួយក្បាលទៀត នៅនាទី៣៨' ដែលជាគ្រាប់បាល់ទី៣របស់គេ លេងឱ្យក្រុមជម្រើសជាតិកម្ពុជាក្នុង៧ប្រកួត។ ចប់ការប្រកួតវគ្គទី១ ក្រុមកម្ពុជានាំមុខក្រុមប៊ូតាន ២-០។ លុះចូលដល់វគ្គទី២ ក្រុមគោព្រៃកម្ពុជា បន្តដាក់សម្ពាធលើក្រុមប៊ូតានកាន់តែខ្លាំង និងបានបន្ថែមគ្រាប់បាល់ពីរគ្រាប់ទៀត រកបានដោយកីឡាករ សុផល​ ឌីម៉ង់ តែតបាល់​បញ្ចូល​ទីនៅនាទី៦៨' និងកីឡាករ ម៉ុន​ រ៉ាដូ បានទាត់បាល់​បញ្ចូលបានយ៉ាងល្អនៅទី​នាទី​៨៦' ធ្វើឱ្យក្រុមគោព្រៃរក្សាកំណត់ត្រាមិនចាញ់ក្រុមប៊ូតាន ក្នុងជំនួប២លើក ដែលមានរយៈពេលជាង១ទសវត្សរ៍កន្លងមក។

សូមជម្រាបថា ក្រុមគោព្រៃជម្រើសជាតិកម្ពុជា នៅសល់បេសកកម្មប្រកួតមិត្តភាពមួយប្រកួតទៀត នៅថ្ងៃទី៩ ខែមិថុនាខាងមុខ ដោយត្រូវជួបជាមួយ ក្រុមជម្រើសកោះហុងកុង នៃប្រទេសចិន ខណៈក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាចំនួន១២លើក ក្នុងនោះ ក្រុមបាល់ទាត់គោព្រៃកម្ពុជា ឈ្នះ២លើក ស្មើ៣លើក និងចាញ់ដល់ទៅ៧លើកឯណោះ។ រីឯការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ គឺនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ (ប្រកួតមិត្តភាព) កម្ពុជាស្មើជាមួយហុងកុង ១–១។ គួរបញ្ជាក់បន្ថែមថា ការប្រកួតមិត្តភាពអន្តរជាតិ២ប្រកួតរបស់ក្រុមបាល់ទាត់គោព្រៃកម្ពុជា នេះ គឺមិនមែនជាការប្រកួតធម្មតានោះទេ ប៉ុន្តែជាការវាស់ស្ទង់សមត្ថភាពកីឡាករនីមួយៗ ដែលគ្រូបង្វឹកក្រុមបាល់ទាត់គោព្រៃកម្ពុជា កំពុងរៀបចំប្រមូលផ្តុំកីឡាករល្អៗ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់ ASEAN Championship ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕  

ក្រុមបាល់ទាត់គោព្រៃកម្ពុជា
ក្រុមបាល់ទាត់គោព្រៃកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន
ក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន
ក្រុមជម្រើសកោះហុងកុង នៃប្រទេសចិន
ក្រុមជម្រើសកោះហុងកុង នៃប្រទេសចិន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត