
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី៤មិថុនា ឆ្នាំ២០២៦នេះ ក្រុមគោព្រៃកម្ពុជា នឹងប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ប៊ូតាន រៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រុមគោព្រៃកម្ពុជា ធ្លាប់បានបំបាក់ក្រុមបាល់ទាត់ប៊ូតង់ កាលពីជាង១ទសវត្សរ៍មុន ដោយលទ្ធផល ២-០ នាថ្ងៃទី២០សីហា ឆ្នាំ២០១៥ នៃការប្រកួតមិត្តភាពអន្តរជាតិ។ រង់ចាំមើលមើលរាត្រីនេះ កម្ពុជាបន្តកំណត់ត្រាឈ្នះ ឬរងបរាជ័យវិញ..?

សូមជម្រាបថា សហព័ន្ធបាល់ទាត់កម្ពុជា (FFC) ធ្លាប់បានប្រកាសអំពីការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន និងក្រុមបាល់ទាត់កោះហុងកុង នៃប្រទេសចិន ដើម្បីជាការកម្តៅសាច់ដុំត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ពានរង្វាន់ ASEAN Championship ឆ្នាំ២០២៦ នាពេលខាងមុខ។ យ៉ាងណា មានការទស្សន៍ទាយថា ក្រុមគោព្រៃកម្ពុជា អាចនឹងបំបាក់ក្រុមប៊ូតានជាថ្មីម្ដងទៀត នោះក៏ព្រោះតែបច្ចុប្បន្ន មានកីឡាករបរទេសចូលសញ្ជាតិច្រើន ដោយមានទាំងកីឡាករមកពីជប៉ុន, ប្រេស៊ីល, កូឡុំប៊ី , កូដឌីវ័រ និងអ៊ុយបេគីស្ថានជាដើម។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់៤ប្រកួតអន្តរជាតិមិត្តភាព និងផ្លូវការចុងក្រោយរបស់ ក្រុមគោព្រៃកម្ពុជា ធ្វើមិនបានល្អនោះទេ ដោយចាញ់ថៃ៣-២ នៅខែធ្នូ ឆ្នាំ២០២៤, ចាញ់អារុបា ១-២ នៅខែមីនា ឆ្នាំ២០២៥, ចាញ់វៀតណាម ១-២ នៅខែឧសភា ឆ្នាំ២០២៥, និងប្រកួតទី៤បន្តចាញ់ក្រុមតាជីគីស្ថាន ១-២ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ មាន៩១១,៥៤ពិន្ទុ នៅក្នុងចំណាត់ថ្នាក់FiFa Ranking។

ចំណែក គ្រាប់បាល់ពីរគ្រាប់របស់កម្ពុជាប្រកួតឈ្នះប៊ូតាន រកបានដោយកីឡាករ រ៉ូស សាមឿន ខ្សែការពារស្លាបស្តាំ (Right-back) ស៊ុតបាល់ set-piece បានយ៉ាងល្អនៅនាទី «ទី២៨»ក្នុងវគ្គទី១ ខណៈ កីឡាករ កែវ សុខផេង ខ្សែប្រយុទ្ធមុតស្រួចរបស់កម្ពុជានាពេលនោះ បានបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀតនៅនាទី«ទី៥២»ក្នុងតង់ទី២ ដោយលទ្ធផល ២-០ នេះបានបន្តរហូតដល់ចប់ការប្រកួត។ យ៉ាងណា ក្រុមបាល់ទាត់គោព្រៃកម្ពុជា បានព្យាយាមដាក់សម្ពាធខ្លាំងលើ ក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន ដូច្នេះ យើងរង់ចាំមើលថា ក្រោយបែកគ្នាអស់រយៈពេល១១ឆ្នាំ តើក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន អាចសងសឹក ក្រុមបាល់ទាត់គោព្រៃកម្ពុជា បានដែរទេ ខណៈក្រុងទាំងពីរមានគម្លាតដាច់ឆ្ងាយពីគ្នាខ្លាំងនៅក្នុងតារាងចំណាត់ថ្នាក់ FiFa Ranking ពោលគឺក្រុមកម្ពុជានៅលេខរៀងទី១៧៧ និងក្រុមប៊ូតានស្ថិតនៅលេខរៀងទី១៨៦៕




