កម្ពុជាទទួលថវិកាពីប្រទេសចិន«ជិត២លានដុល្លារ» អនុវត្តគម្រោងសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦
អុន សម្ផស្ស
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ដោយទទួលបានថវិកាពីរដ្ឋាភិបាលចិនចំនួន១,៩៨លានដុល្លារអាម៉េរិក ដើម្បីគាំទ្រការអភិវឌ្ឍលើវិស័យអាទិភាពជាច្រើន...។ 

ពិធីចុះហត្ថលេខាបានធ្វើឡើងនៅថ្ងៃទី៤មិថុនានេះ រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា លើកឡើងថា គម្រោងទាំង៧ ដែលទទួលបានការគាំទ្រពីមូលនិធិពិសេសនេះរួមមាន៖ សហគ្រាសកសិករផលិតផ្សិត ដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្តាល, ការរួមបញ្ចូលគ្នានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាត ដើម្បីអនាគតទាំងអស់គ្នា(ដំណាក់កាលទី២), ការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់ តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង, គម្រោងលុបបំបាត់ជំងឺរលាកថ្លើម, ឌីជីថលូបនីយកម្មទេសចរណ៍ សហគមន៍មេគង្គ-ឡានឆាង៖ ការត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរចិនការពង្រឹងសមត្ថភាពបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថល សម្រាប់វិស្វករក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ និងគម្រោងចុងក្រោយគេគឺ ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា៖ គម្រោងការលើកកម្ពស់សមត្ថភាពទិន្នន័យទឹក និងកិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

ក្រសួងវាយតម្លៃថា៖«គម្រោងទាំងនេះ នឹងរួមចំណែកជំរុញការអភិវឌ្ឍជាតិរបស់កម្ពុជា លើវិស័យសំខាន់ៗដូចជា ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ បច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថល»។ សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជាបានទទួលការគាំទ្រថវិកាសម្រាប់គម្រោងសរុបចំនួន១១៣ ក្រោមមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះដោយជោគជ័យ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត