អាល្លឺម៉ង់គាំទ្រវិធីសាស្ដ្រដោះស្រាយដោយសន្តិវិធីរបស់កម្ពុជា លើបញ្ហាព្រំដែនជាមួយថៃ
S
Soriya Sou
10 ម៉ោងមុន

រាជធានីភ្នំពេញ៖​ ភាគីអាល្លឺម៉ង់ គាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការរបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។ នេះជាការលើកឡើងរបស់លោក ថូម៉ាស រ៉ាជែល សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ នៃសភាសហព័ន្ធអាល្លឺម៉ង់ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក នឹម ច័ន្ទតារា អនុប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា កាលពីថ្ងៃទី៣មិថុនាម្សិលមិញ…។

លោក នឹម ច័ន្ទតារា បានជម្រាបប្រាប់ប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់​ថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជាដាច់ខាតមិនទទួលស្គាល់រាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធានោះឡើយ។ កម្ពុជាក៏នៅតែបន្តប្រកាន់ជំហរឥតកែប្រែ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។ តំណាងឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក ថូម៉ាស រ៉ាជែល បានសម្ដែងការសោកស្ដាយចំពោះផលប៉ះពាល់នានា ដែលកើតមានលើប្រជាពលរដ្ឋកម្ពុជា ដោយសារជម្លោះព្រំដែននេះ ព្រមទាំងបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី។ លោកសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ (UN) នៅតែជាសសរស្តម្ភដ៏សំខាន់ និងជាយន្តការអន្តរជាតិ ដែលមិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាពពិភពលោក។

ក្រៅពីបញ្ហាព្រំដែន ភាគីទាំងពីរ កម្ពុជា-អាល្លឺម៉ង់ ក៏បានជជែកពិភាក្សាយ៉ាងស៊ីជម្រៅលើការរឹតចំណងមិត្តភាពទ្វេភាគី ក្នុងនោះ អនុប្រធានគណៈកម្មការទី៥ បានស្នើឱ្យភាគីអាល្លឺម៉ង់ ពិនិត្យលទ្ធភាពបង្កើតអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសភាទាំងពីរ ដើម្បីរួមគ្នាលើកកម្ពស់ការងារគ្រប់វិស័យ ដែលជាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ សូមជម្រាបថា កម្ពុជា-អាល្លឺម៉ង់ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៦៧មកម្ល៉េះ ដោយទំនាក់ទំនងនេះ បាននិងកំពុងរីកចម្រើនយ៉ាងរឹងមាំជាលំដាប់លើគ្រប់វិស័យ។ បច្ចុប្បន្ន អាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា នៅក្នុងសហភាពអឺរ៉ុប (EU) និងជាប្រទេសផ្តល់ជំនួយឥតសំណងយ៉ាងសំខាន់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត