
ក្រុងក្រចេះ៖ រថយន្តធុនធំចំនួន៤គ្រឿង ត្រូវបានអាជ្ញាធរប្រដេញតាមស្ទាក់ចាប់ ជុំវិញការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅចំណុចភូមិសង្គម ឃុំសណ្ដាន់ ស្រុកសបូរ...។

ការបង្រ្កាបនេះ ធ្វើឡើងក្រោយទទួលបានសេចក្ដីរាយការណ៍ថា មានរថយន្តដឹកអូសព្រៃ សង្ស័យដឹកដឹកលើសទម្ងន់កំណត់ បើកវាង និងគេចស្ថានីយជញ្ជីងអចល័តកាំពី តាមបណ្តោយផ្លូវមាត់ទន្លេ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A ពីស្រុកសំបូរ ឆ្ពោះទៅកាន់ក្រុងក្រចេះ។ ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមការងារជំនាញបានធ្វើការប្រដេញតាមស្ទាក់ រហូតដល់ទីតាំងខាងលើ ប៉ុន្តែក្នុងចំណោមរថយន្តទាំង៤គ្រឿងនោះ មាន៣គ្រឿងបានទម្លាក់អុសព្រៃរួច ហើយបន្តដំណើរចេញទៅបាត់ រីឯ១គ្រឿងទៀត ត្រូវបានមន្ត្រី និងកម្លាំងនៃស្ថានីយថ្លឹងរថយន្តអចល័តកាំពី ចុះឃាត់ដើម្បីត្រួតពិនិត្យ។

បច្ចុប្បន្ន រថយន្តដែលត្រូវបានឃាត់នោះ មន្ត្រីជំនាញកំពុងបន្តនីតិវិធីត្រួតពិនិត្យទម្ងន់ ដើម្បីចាត់វិធានការតាមច្បាប់ ពាក់ព័ន្ធការដឹកលើសទម្ងន់កំណត់។ សូមជម្រាបផងដែរថា ជារឿយៗ គេសង្កេតឃើញថា រថយន្តធុនធំមួយចំនួនដែលមានការសង្ស័យ ដឹកលើសទម្ងន់ តែងតែបើកវាង និងគេចស្ថានីយជញ្ជីងអចល័តកាំពី តាមបណ្តោយផ្លូវមាត់ទន្លេជាហូរហែ ដូច្នេះហើយ បានជាប្រជាពលរដ្ឋរស់នៅតំបន់នោះ សំណូមពរដល់ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ចាត់វិធានការលើបញ្ហានេះផង ពុំនោះទេ ផ្លូវនឹងខូចខាតកាន់តែខ្លាំង ហើយបំផ្លាញដល់ថវិកាជាតិផងដែរ៕ រាយការណ៍ដោយ៖ សារី ណែត





