
រដ្ឋធានីញ៉ូវដេលី៖ យោងតាមការប្រកាសផ្លូវការរបស់អាជ្ញាធរឥណ្ឌា នៅថ្ងៃអាទិត្យទី២៤ ខែឧសភានេះ បានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់១៦នាក់ បានបាត់បង់ជីវិតដោយសារជំងឺ Heatstroke នៅក្នុងតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា នាអំឡុងរដូវក្ដៅឆ្នាំនេះ ចំពេលដែលរលកកម្ដៅកំពុងវាយលុកខ្លាំងលើប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើលោកមួយនេះ...។

ករណីមនុស្សស្លាប់ទាំងនេះ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋតេឡាងហ្កាណា (Telangana) ភាគខាងត្បូង ដែលធ្វើឱ្យលោករដ្ឋមន្ត្រី ពង់ហ្គូឡេទិ ស្រ៊ីនីវ៉ាសា រ៉េដឌី (Ponguleti Srinivasa Reddy) អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ទូទាំងរដ្ឋ ដើម្បីការពារសុខភាពសាធារណៈ ដោយសារតែតង់ស៊ីតេនៃកម្ដៅបានកើនឡើងដល់កម្រិតមួយដ៏ខ្ពស់ និងមិនធ្លាប់មានពីមុនមក។ ទីភ្នាក់ងារឧតុនិយមឥណ្ឌា ក៏បានព្យាករផងដែរថា សីតុណ្ហភាពនឹងបន្តកើនឡើងខ្ពស់ជាងកម្រិតធម្មតា និងមានសភាពហួតហែងខ្លាំងនៅក្នុងផ្នែកជាច្រើននៃប្រទេស ដែលមានប្រជាជនរស់នៅរហូតដល់១,៤ពាន់លាននាក់មួយនេះ។

ស្ថានភាពអាកាសធាតុបច្ចុប្បន្នបានបង្ហាញថា សីតុណ្ហភាពនៅក្នុងទីក្រុងជាច្រើនបានហក់ឡើងខ្ពស់ជាង៤៥អង្សាសេទៅហើយ រីឯនៅក្នុងរដ្ឋធានីញូដេលី និងទីក្រុងជុំវិញ គឺរក្សាកម្ដៅលើសពី៤០អង្សាសេពេញមួយសប្តាហ៍។ ការណ៍នេះ បានរុញច្រានឱ្យការប្រើប្រាស់ថាមពលអគ្គិសនីហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ អ្វីដែលជាផលវិបាកបន្ថែមនោះ គឺមិនត្រឹមតែអាកាសធាតុក្ដៅខ្លាំងនៅពេលថ្ងៃត្រង់នោះទេ សូម្បីតែសីតុណ្ហភាពអប្បបរមានៅពេលយប់ក៏នៅតែមានកម្រិតខ្ពស់ដដែល។ ក្រុមអ្នកជំនាញសុខាភិបាល បានពន្យល់ថា កម្ដៅដែលក្ដៅខ្លាំងពេក អាចបណ្ដាលឱ្យរាងកាយបាត់បង់ជាតិទឹក ធ្វើឱ្យឈាមឡើងខាប់ខ្លាំង ហើយក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្ដាលឱ្យប្រព័ន្ធសរីរាង្គផ្សេងៗក្នុងខ្លួន ឈប់ដំណើរការតែម្ដង។ រដ្ឋាភិបាលក្នុងតំបន់ បានចេញសេចក្តីណែនាំដល់មនុស្សចាស់ កុមារតូចៗ និងស្ត្រីមានផ្ទៃពោះ មិនឱ្យចេញក្រៅផ្ទះនៅពេលថ្ងៃឡើយ ប្រសិនបើគ្មានការចាំបាច់។

ទោះបីជាប្រទេសឥណ្ឌា ធ្លាប់ឆ្លងកាត់រដូវក្ដៅខ្លាំងជារៀងរាល់ឆ្នាំក៏ដោយ ប៉ុន្តែការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តជាច្រើនឆ្នាំបានរកឃើញថា បម្រែបម្រួលអាកាសធាតុសកលកំពុងតែធ្វើឱ្យរលកកម្ដៅទាំងនេះ មានរយៈពេលកាន់តែយូរជាងមុន កើតឡើងញឹកញាប់ជាងមុន និងមានភាពសាហាវជាងមុន។ គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសដែលបំភាយឧស្ម័នផ្ទះកញ្ចក់ធំជាងគេលំដាប់ទី៣លើពិភពលោក ដោយសារតែពួកគេពឹងផ្អែកខ្លាំងលើការដុតធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនី ហើយរដ្ឋាភិបាលឥណ្ឌា បានប្តេជ្ញាចិត្តថា នឹងសម្រេចឱ្យបាននូវសេដ្ឋកិច្ចដែលគ្មានការបំភាយឧស្ម័ននៅត្រឹមឆ្នាំ២០៧០ខាងមុខ ពោលគឺយឺតជាងបណ្ដាប្រទេសលោកខាងលិចប្រហែល២ទសវត្សរ៍។ គួររំលឹកថា សីតុណ្ហភាពខ្ពស់បំផុតដែលឥណ្ឌាធ្លាប់កត់ត្រាបានក្នុងប្រវត្តិសាស្ត្រផ្លូវការ គឺឡើងដល់ទៅ៥១អង្សាសេ កាលពីឆ្នាំ២០១៦ នៅឯតំបន់ផាឡូឌី Phalodi នៃរដ្ឋរាជាស្ថាន (Rajasthan)៕


