
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលមេដឹកនាំពិភពលោកធ្លាប់ផ្តល់រហស្សនាមថា«បុរសខ្លាំងកម្ពុជា» នៅរសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញចំណារចំនួន៤ ស្តីពីការធ្វើកំណែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេសការប្រមូលចំណូលចូលថវិកាជាតិ កំលុងពេលសម្តេចធ្វើជានាយករដ្ឋមន្ត្រី។ ការសម្រេចចិត្តរបស់សម្តេចនាពេលនោះ បានជួយឱ្យកម្ពុជាជោគជ័យលើការគ្រប់គ្រងសាច់ប្រាក់ពីការប្រមូលពន្ធ និងពង្រឹងសេដ្ឋកិច្ចជាតិ...។

សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំទើបរកឃើញចំណាររបស់ខ្ញុំលើលិខិតរបស់ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេស ការប្រមូលចំណូលចូលថវិកាជាតិ។ ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារ មិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំង ដើម្បីជោគជ័យកំណែទម្រង់រដ្ឋ ដែលក្នុងនោះ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។»

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ចំណារទាំង៤នេះ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយ និងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ យើងមានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តគោលនយោបាយគាំពារសង្គម ។ល។ ភាពធន់ខាងសេដ្ឋកិច្ចរបស់យើង បង្ហាញច្បាស់ពីដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០ រហូតមកដល់នេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ ដំឡើងបៀវត្តន៍ និងបើកបៀវត្តន៍២ដងក្នុងមួយខែ ជាមួយនិងការអនុវត្តគោលនយោបាយគាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត។

សម្តេចប្រមុខរដ្ឋ បានសង្កត់ធ្ងន់ទៅលើខ្លឹមសារចុងក្រោយនៃសំណេររបស់សម្តេចដែលបានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖«ចំណាររបស់ខ្ញុំនាពេលនោះ មុតជាងផ្លែដាវទៅទៀត តែខ្ញុំមិនខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀតប្រទេសកម្ពុជាខុសប្លែកពីប្រទេសផ្សេងទៀត ព្រោះយើងត្រូវរៀបចំឡើងវិញទាំងអស់ក្រោយរបបប៉ុលពត ដូចនេះ តម្រូវឱ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។» សូមអធ្យាស្រ័យ ដោយចំណាររបស់ខ្ញុំអក្សរមិនស្អាតថែមទាំងខុសអក្ខរាវិរុទ្ធទៀតផង (សូមមើលអត្ថបទចម្លង)៕




