អឺរ៉ុបជួយអ៊ុយក្រែនក្លាយជាមហាអំណាចដ្រូន ដើម្បីវាយបកសងសឹករុស្ស៊ី?
ហៀប ស៊ីថេត
14 ម៉ោងមុន

សហភាពអឺរ៉ុប៖ បច្ចុប្បន្ន វិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា ដោយសារទទួលបានកញ្ចប់ថវិកាជំនួយយោធារាប់ពាន់លានដុល្លារពីបណ្តាប្រទេសនៅសហភាពអឺរ៉ុប បន្ទាប់ពីមូលនិធិឧបត្ថម្ភពីសហរដ្ឋអាម៉េរិកត្រូវបានបញ្ចប់។ នេះបើយោងតាមការលើកឡើងរបស់វិទ្យាស្ថានគៀល (Kiel) នៃប្រទេសអាល្លឺម៉ង់ ដែលជាស្ថាប័នតាមដានជំនួយយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ដល់អ៊ុយក្រែន ទម្លាយចេញនៅថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនា។

ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦នេះ ១២ភាគរយនៃជំនួយយោធារបស់សហភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន ត្រូវបានបែងចែកសម្រាប់ការផលិតដ្រូន។ ក្នុងចំណោមជំនួយយោធាចំនួន១៤,៣ពាន់លានដុល្លារ ដែលត្រូវបានបែងចែកដោយបណ្តាប្រទេសអឺរ៉ុបចាប់ពីខែមករា ដល់ខែមេសា មានទឹកប្រាក់ចំនួន១,៧៤ពាន់លានដុល្លារ ត្រូវបានកំណត់ទុកសម្រាប់តែការផលិតដ្រូន។ កញ្ចប់ថវិកាជំនួយ ដែលបែងចែកសម្រាប់ដ្រូនបានកើនឡើងឡើង៣ដងនៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដោយនិន្នាការនេះ បានបន្តកើនឡើងយ៉ាងលឿននៅក្នុងខែមីនា និងមេសា។ ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅថា នឹងផ្តល់ដ្រូនចំនួន១២០០០០គ្រឿង ដល់អ៊ុយក្រែន។

ចំណែកប្រទេសអាល្លឺម៉ង់ និងន័រវែស ក្នុងមួយប្រទេសៗបានផ្តល់ថវិកាចំនួន៥៨០លានដុល្លារ ហើយប្រទេសហូឡង់បានផ្តល់២៩០លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការទិញយកអាវុធសម័យទំនើបទាំងនេះ ដែលបានក្លាយជាឧបករណ៍ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការវាយបកទៅនឹងការវាយប្រហាររបស់រុស្ស៊ី។ អ៊ុយក្រែន បានអះអាងថា ខ្លួនកំពុងក្លាយជាប្រទេសឯកទេសឈានមុខគេលើពិភពលោក ខាងផ្នែកដ្រូន។ ជាមួយគ្នានេះដែរ ចំនួននៃបណ្តាប្រទេសក្នុងតំន់អឺរ៉ុបកាន់តែច្រើនឡើង ដូចជា៖ ហ្វាំងឡង់ ដាណឺម៉ាក និងអង់គ្លេស កំពុងផលិតដ្រូនសម្រាប់ផ្គត់ផ្គង់ក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ ជាមួយក្រុមហ៊ុនអ៊ុយក្រែន ដែលកំពុងផ្លាស់ប្ដូរទីតាំងផលិតកម្មមួយផ្នែករបស់ពួកគេទៅកាន់ប្រទេសសម្ព័ន្ធមិត្ត។

ជាចុងក្រោយ លោក គ្រីស្តូហ្វ ត្រេបេស (Christophe Trebesch) នាយកផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានគៀល បានអះអាងថា៖«ម្ចាស់ជំនួយអឺរ៉ុប ឥឡូវនេះ កំពុងឈានជើងចូលទៅក្នុងការផ្ដល់ហិរញ្ញប្បទាន និងការផលិតដ្រូនក្នុងទំហំទ្រង់ទ្រាយធំ»។ លោកបានបន្ថែមថា៖«ជាលទ្ធផល ការគាំទ្រសម្រាប់អ៊ុយក្រែន កំពុងក្លាយជាការផ្លាស់ប្ដូរទៅវិញទៅមកកាន់តែខ្លាំង ពោលគឺជំនួយហិរញ្ញវត្ថុហូរចូលទៅអ៊ុយក្រែន ខណៈបច្ចេកវិទ្យាថ្មីៗហូរត្រឡប់ទៅអឺរ៉ុបវិញ»៕

លោក គ្រីស្តូហ្វ ត្រេបេស 
លោក គ្រីស្តូហ្វ ត្រេបេស 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត