
រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីថ្ងៃទី៩ ខែឧសភា បន្ទាប់ពីលោកបានថ្លែងថា សង្រ្គាមដ៏កាចសាហាវរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងឈានមកដល់ទីបញ្ចប់ហើយ។

សេចក្ដីថ្លែងការណ៍ដ៏កម្រឮនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានអបអរសាទរទិវាជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ ពិធីព្យុហយាត្រាដែលត្រូវបានរៀបចំឡើងក្នុងទិវាជាតិនេះ មានលក្ខណៈសាមញ្ញបំផុត ដោយគ្មានការដាក់បង្ហាញរថក្រោះ ឬមីស៊ីលឆ្លងទ្វីបនៅលើទីលានក្រហមដូចរាល់ឆ្នាំឡើយ ប៉ុន្តែបែរជាជំនួសមកវិញនូវការបញ្ចាំងវីដេអូអំពីគ្រឿងយុទ្ធោបករណ៍នៅលើអេក្រង់យក្សទៅវិញ។

លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានថា លោកមានបំណងចង់ចរចាអំពីការរៀបចំសន្តិសុខថ្មីសម្រាប់អឺរ៉ុប ហើយលោកថែមទាំងបានបញ្ជាក់ទៀតថា ដៃគូចរចាដែលលោកចង់ជួបបំផុត គឺអតីតអធិការបតីអាល្លឺម៉ង់ លោក ហ្គឺហាដ ស្គ្រូឌើរ (Gerhard Schroeder)។ ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន នៅតែបន្តទម្លាក់កំហុសលើមេដឹកនាំបស្ចិមប្រទេស ដែលលោកហៅថាជា «ក្រុមសកលភាវូបនីយកម្ម» ដែលបានព្យាយាមពង្រីកឥទ្ធិពលអង្គការណាតូ មកទិសខាងកើត និងទាញអ៊ុយក្រែនឱ្យចូលក្នុងគន្លងរបស់សហភាពអឺរ៉ុប។

ទោះជាយ៉ាងនេះក្ដី ជំហររបស់លោក ពូទីន នៅតែមានភាពស្មុគស្មាញ ខណៈវិមានក្រឹមឡាំង បានបង្ហាញថា កិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងភាពជាប់គាំងនៅឡើយ។ គួររំឭកថា កងទ័ពរុស្ស៊ីបានប្រយុទ្ធនៅអ៊ុយក្រែនអស់រយៈពេលជាង៤ឆ្នាំមកហើយ ដែលយូរជាងពេលវេលាកងទ័ពសូវៀតធ្លាប់ប្រយុទ្ធក្នុងសង្រ្គាមលោកលើកទី២ទៅទៀត។

សេចក្ដីថ្លែងការណ៍ចុងក្រោយរបស់លោក ពូទីន ហាក់ដូចជាមានភាពផ្ទុយគ្នាខ្លាំង ព្រោះម្ខាងលោកនៅតែប្រកាសថា នឹងបន្តវាយរហូតដល់សម្រេចគោលដៅយោធាទាំងអស់ ប៉ុន្តែម្ខាងទៀតបែរជានិយាយពីការបញ្ចប់សង្រ្គាម និងការចរចា។ អ្នកវិភាគយល់ថា នេះអាចជាយុទ្ធសាស្ត្រការទូតថ្មីរបស់រុស្ស៊ី ដើម្បីស្ទង់មើលជំហររបស់បស្ចិមប្រទេស និងរដ្ឋបាលលោក ត្រាំ ក្នុងស្វែងរកច្រកចេញពីសង្រ្គាមដែលបានបង្កវិបត្តិសន្តិសុខធ្ងន់ធ្ងរបំផុត ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក៕




