ហេតុអ្វីសុខៗ អ៊ុយក្រែនជំរុញសហភាពអឺរ៉ុបផលិតប្រព័ន្ធការពារអាកាស?
ហៀប ស៊ីថេត
20 មេសា 2026 10:45 AM

សហភាពអឺរ៉ុប៖ ភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃរវាងរុស្ស៊ី-អ៊ុយក្រែន មិនដឹងថា នឹងត្រូវរលត់នៅពេលណា ទន្ទឹមនឹងបុរសមុខស្ងួត វ៉ូឡូឌីមៀ ហ្សេឡេនស្គី មិនត្រឹមតែប្រកាសសុំជំនួយអាវុធនោះទេ ប៉ុន្តែថែមទាំងហារមាត់ជំរុញសហភាពអឺរ៉ុប កសាងប្រព័ន្ធការពារមីស៊ីលបាលីស្ទីកដោយបើកចំហថែមទៀតផង។ តើអ្វីទៅជាមូលហេតុពិតនៅពីក្រោយការជំរុញមួយនេះ..?

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី

ពិតណាស់ បញ្ហាធំបំផុតរបស់អ៊ុយក្រែននៅពេលនេះ គឺប្រព័ន្ធការពារដែនអាកាសភេទ្រត (Patriot) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិក កំពុងអស់ពីឃ្លាំង នោះក៏ដោយសាររងើកភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ាបានឆេះរាលឡើង ដូច្នេះហើយ បានជារដ្ឋធានីវ៉ាស៊ីនតោន សម្រេចចិត្តបង្វែរប្រព័ន្ធការពារដែនអាកាសទាំងនោះ ទៅការពារមូលដ្ឋានទ័ព និងសម្ព័ន្ធមិត្តខ្លួន នៅក្នុងតំបន់ឈូងសមុទ្ទពែក្ស ដើម្បីទប់ទល់ដ្រូនអត្តឃាតសាហាវៗ និងមីស៊ីលប៉ាលីស្ទីករបស់អ៊ីរ៉ង់។ ការណ៍នេះ ធ្វើឱ្យអ៊ុយក្រែនដែលរងការឈ្លានពានពីរុស្ស៊ី ធ្លាក់ទៅក្នុងស្ថានភាពហានិភ័យខ្ពស់។ ហានិភ័យខ្ពស់ ក៏ព្រោះតែ ដែនអាកាសអ៊ុយក្រែនពេលនេះ កំពុងបើកចំហ ដែលអនុញ្ញាតឱ្យមីស៊ីលរុស្ស៊ី ហោះចេញពីបំពង់ទៅកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពល ឬហេដ្ឋារចនាសម្ព័ន្ធក្នុងរដ្ឋធានីកៀវបានគ្រប់វិនាទី។

ចង់ ឬមិនចង់ អ៊ុយក្រែនសុខចិត្តកាត់កេរ្តិ៍ កាត់ខ្មាស ជំរុញឱ្យសហភាពអឺរ៉ុប ផលិតប្រព័ន្ធការពារមីស៊ីលដោយខ្លួនឯង ជាជាងសង្ឃឹមលើដង្ហើមសហរដ្ឋអាម៉េរិក។ ជុំវិញផែនការខាងលើ លោក ហ្សេឡេនស្គី បានកំណត់គោលដៅរយៈពេល១២ខែ ដើម្បីបង្កើតប្រព័ន្ធការពារដែនអាកាសថ្មី ប៉ុន្តែអ្នកជំនាញយោធាមួយចំនួនយល់ថា វាជាមហិច្ឆតាដែលស្ទើរតែមិនអាចទៅរួច។ យ៉ាងណា ក្រុមហ៊ុនហ្វាយអើ ភ័ញត៍ (Fire Point) របស់អ៊ុយក្រែន កំពុងចាប់ដៃជាមួយសហភាពអឺរ៉ុប ដើម្បីកែច្នៃបច្ចេកវិទ្យា មីស៊ីលហ្វ្លាមីងហ្គោ (Flamingo) ឱ្យទៅជាប្រព័ន្ធការពារអាកាស។ អ៊ុយក្រែន ត្រូវការប្រព័ន្ធការពារដែនអាកាសដែលថោកជាងប្រព័ន្ធមីស៊ីលភេទ្រត ហើយអាចផលិតបានច្រើនជាង និងលឿនជាង ដើម្បីទប់ទល់នឹងបរិមាណដ្រូន និងមីស៊ីលដ៏ច្រើនរបស់រុស្ស៊ី។

សូមជម្រាបថា រហូតមកដល់ពេលនេះ អឺរ៉ុបមានតែប្រព័ន្ធការពារដែនអាកាស SAMP/T ផលិតរួមគ្នាដោយបារាំង-អ៊ីតាលី តែប៉ុណ្ណោះ ស្របពេលការផលិតមានភាពយឺតយ៉ាវខ្លាំង។ មែនទែនទៅ ការជំរុញរបស់លោក ហ្សេឡេនស្គី គឺជាសារដាស់តឿនឱ្យសហភាពអឺរ៉ុបភ្ញាក់ខ្លួនឡើងថា សន្តិសុខសហភាពអឺរ៉ុប មិនអាចយកទៅផ្ញើលើសហរដ្ឋអាម៉េរិកតែមួយមុខរហូតបានឡើយ ស្របពេលសហរដ្ឋអាម៉េរិក កំពុងជាប់ដៃប្រយុទ្ធយ៉ាងខ្លាំងក្លានៅក្នុងសមរភូមិនៅមជ្ឈិមបូព៌ា។ ដូច្នេះ តើអឺរ៉ុបអាចការពារមេឃខ្លួនឯងដោយគ្មានវត្តមានសហរដ្ឋអាម៉េរិក បានដែរឬទេ..ស្របពេលរដ្ឋបាល ត្រាំ កំពុងក្រឡុកពិភពលោកឱ្យវិលក្បុងបែបនេះ?...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត